Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារ ” សាងាំរីសត និងកាសុីណូ ” របស់លោកផ្កាយ២ ក្រសួងមហាផ្ទៃ ជួលឱ្យជនជាតិចិនបើកលេងល្បែងស៊ីសងគគ្រឹកគគ្រេង សមត្ថកិច្ចអត់ហ៊ានបង្ក្រាប

ខេត្តឧត្តរមានជ័យ : តាមប្រភពរាយការណ៍ពីច្រកទ្វារព្រំដែន ជាំ-សាងាំ អន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា អាគារធំមួយកន្លែងរបស់ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋានព្រំដែនគោកនៃក្រសួងមហាផ្ទៃ ដែលជួលទៅឲ្យជនជាតិចិននោះ បានបើកល្បែងស៊ីសងទាំងនៅលើតុ និងតាមអនឡាញយ៉ាងគគ្រឹកគគ្រេង ខ្លះថា អត់អាជ្ញាប័ណ្ណ និងខ្លះថា មានអាជ្ញាប័ណ្ណកាស៊ីណូផ្ដាច់មុខឯណោះ ដាក់យីហោថា ” សាងាំរីសត និងកាសុីណូ ” បានដំណើរការល្បែងស៊ីសងលើតុ និងតាមអនឡាញ រយៈពេលជាង១ឆ្នាំមកហើយ, អ្វីដែលបង្កមានការព្រួយបារម្ភនោះ គឺអគារកាស៊ីណូមួយនេះ មិនត្រឹមតែមានល្បែងស៊ីសង់ប៉ុណ្ណោះទេនថែមទាំងបង្កឲ្យមានបទល្មើសជាច្រើនទៀត ដូចជាការប្រើអំពើហិង្សាកាប់ចាក់គ្នា និងប្រព្រឹត្តបទល្មើសគ្រឿងញៀន។

បានជាអគារកាស៊ីណូដ៏ស្រពិចស្រពិល មិនដឹងថាមានច្បាប់ ឬអត់ច្បាប់មួយនេះ ធ្វើសកម្មភាពលេងល្បែងភ្នាល់ជាច្រើនប្រភេទបានយ៉ាងស្រួលគគ្រឹកគគ្រេងបែបនេះ គឺដោយសារក្នុងតួនាទីរបស់ លោកឧត្តមសេនីយ៍ទោ សឹម សំអាត ជាប្រធាននាយកដ្ឋានព្រំដែនគោកនៃក្រសួងមហាផ្ទៃ មានឥទ្ធិពលលើមន្ត្រីនៅខេត្តឧត្តរមានជ័យ ម៉្លោះហើយសមត្ថកិច្ចនៅទីនោះក៏ខ្លបខ្លាច និងជួយលួចលាក់ដោយប្រព្រឹត្តអំពើពុករលួយមនោសញ្ចេតនា។ ចំណែកពួកជនជាតិចិនស្នាក់នៅក្នុងអាគារនោះអស់រយៈពេលជាង១ឆ្នាំមកហើយ មិនដឹងអត្តសញ្ញាណច្បាស់លាស់ អំពីថា តើពួកគេរស់នៅស្របច្បាប់ ឬក៏អត់ ? និងប្រកបរបរអ្វី សុចរិត ឬទុច្ចរិត? ក្នុងតួនាទីជាមន្ត្រីរាជការជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត អាចនឹងប្រើឥទ្ធិពលរបស់ខ្លួនដើម្បីកាងពួកជនជាតិចិនទាំងនោះ ធ្វើឱ្យសមត្ថកិច្ចនៅខេត្តឧត្តរមានជ័យមិនហ៊ានឆែកឆេរ ឬបង្ក្រាប។

បើតាមក្រុមមន្ត្រីល្អៗមួយចំនួននៅខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បញ្ហាល្បែងស៊ីសងអនឡាញ ហាក់ដូចជាកំពុងញាំញីយ៉ាងសម្បើមនៅក្នុងខេត្តឧត្តរមានជ័យ ជាពិសេសនៅច្រកទ្វារព្រំដែនតែម្ដង  អាគារមួយចំនួនត្រូវបានជួលទៅឲ្យជនជាតិចិន ដើម្បីបើកល្បែងស៊ីសងតាមអ៊ីនធឺណិត ឬក៏ជាទីកន្លែងសម្រាប់ស្នាក់នៅ ដើម្បីបង្កបទល្មើសផ្សេងៗ។ ចំណែកអគារ ” សាងាំរីសត និងកាសុីណូ ” របស់ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត កំពុងដំណើរការល្បែងអនឡាញពេញបន្ទុក ហើយបង្កទៅជាបទល្មើសផ្សេងៗជាច្រើនថែមទៀត អាជ្ញាធរថ្នាក់ក្រោមអត់ហ៊ានបង្ក្រាបទេ ខ្លាចអំណាច លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត និងហាក់ដូចជាចូលរួមគប់គិតប្រព្រឹត្តអំពើពុករលួយទទួលផលប្រយោជន៍ពីជនជាតិចិន។

តើករណីខាងលើនេះ ក្រសួងមហាផ្ទៃមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ដែលយកអគាររបស់ខ្លួនជួលឱ្យជនជាតិចិនប្រព្រឹត្តល្បែងស៊ីសង និងបង្កជាបទល្មើសផ្សេងៗជាច្រើន?! ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ ជាពិសេសនៅតំបន់អន្លង់វែង ទទូចស្នើសុំឱ្យ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ សូមចាត់វិធានការចំពោះ លោកផ្កាយ២ ស៊ឹម សំអាត ដែលជាអ្នកកាងក្រុមជនជាតិចិនបើកលេងល្បែងស៊ីសងខុសច្បាប់នេះផង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ព្រមានម៉ឺងម៉ាត់ថា មិនអនុញ្ញាតឱ្យកម្លាំងនគរបាលជាតិ ជាប់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ឬល្បែងសុីសងជាដាច់ខាត ។ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ មានវិធានស្រាវជ្រាវផង ដើម្បីលុបបំបាត់មុខរបរមិនស្របច្បាប់ ក៏ដូចជាបទល្មើសក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងករណីនេះ CEN បានព្យាយាមសុំការបំភ្លឺពី លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ផងដែរ ប៉ុន្តែមិនអាចទាក់ទងបាន ដោយលេខទូរស័ព្ទរបស់លោកគ្មានមន្ត្រីណាហ៊ានឲ្យមកអ្នកសារព័ត៌មាននោះទេ។

យោងតាមប្រកាសស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា ប្រការ ១០ ស្ដីពីភាពទទួលខុសត្រូវដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ នគរបាលជាតិ ត្រូវហាមឃាត់ ដូចមានចែងត្រង់ ÷

ចំណុច ១ : ប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឲ្យអាប់ឱនដល់កិត្តិយស តម្លៃ និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ក្នុងការបំពេញអាជីពរបស់ខ្លួន។
ចំណុច ២ : ធ្វើឱ្យបាត់បង់មនសិការវិជ្ជាជីវៈក្នុងការបំពេញករណីយកិច្ច និងកាតព្វកិច្ចរបស់ខ្លួន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ចំណុច ៣ : ពាក់ព័ន្ធនឹងគប់គិតជាមួយជនល្មើសក្នុងការប្រព្រឹត្តនូវរាល់អំពើខុសច្បាប់ ក្នុងអាជីពជាមន្ត្រីនគរបាលជាតិ មានភារកិច្ចបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

ចំណុច ៤ : យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួន ដែលជាហេតុធ្វើឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះ និងជះឥទ្ធិពលមិនល្អដល់សង្គមជាតិ។

ចំណុច ៥ : សម្លុតគំរាមកំហែងបំពានសិទ្ធិពលរដ្ឋ យកឥទ្ធិពល ឬអំណាចនៅក្នុងមុខងារមឬយកមន្ត្រីនគរបាលជាតិនៅក្រោមបង្គាប់របស់ខ្លួន ទៅប្រើដើម្បីទាញយកផលប្រយោជន៍អ្វីមួយ។

ចំណុច ៦ : ចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងក្រុមហ៊ុនឯកជន ឬធ្វើអាជីវកម្មដោយផ្ទាល់ ឬដោយប្រយោល ដែលជាហេតុធ្វើឲ្យមានទំនាស់ផលប្រយោជន៍។

ចំណុច ៨ : ប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន លេងល្បែងស៊ីសង និងប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ។

ការហាមឃាត់ដល់មន្ត្រីនគរបាលជាតិ នៅមានចំណុចជាច្រើនទៀត ប៉ុន្តែ CEN សូមលើកយកចំណុចសំខាន់ៗត្រឹមប៉ុណ្ណេះមកបង្ហាញជូនសាធារណជន និងមន្ត្រីនគរបាលជាតិទាំងឡាយឲ្យយល់ជ្រាបពីបម្រាមរបស់ក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×