ស្វាយរៀង៖ បង្ក្រាបមុខសញ្ញាសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្ម, ជាមុខសញ្ញា ទើបដោះលែងពីពន្ធនាគារ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ព្រមទាំងគូកន ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស, ករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ព្រំ ពិសិដ្ឋ ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលផងនោះ លោកវរសេនីយ៍ទោ គឹម សុខខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាខាងលើ រហូតទទួលបានជោគជ័យ។
កាលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង ៣០នាទី ខណៈពេលដែលសមត្ថកិច្ចយើង កំពុងបញ្ជូនខ្លួនជនសង្ស័យ ដែលឃាត់ខ្លួនក្នុងករណីលួច(ម៉ូតូ) មកការិយាល័យជំនាញខេត្ត ដល់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ក៏ប្រទះឃើញមុខសញ្ញាសង្ស័យឈ្មោះ គ.គ ច.ត ហៅឈីលូ និងគូកន ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសច្រើនលើក និងជាមុខសញ្ញា ទើបដោះលែងពីពន្ធនាគារនោះ សមត្ថកិច្ចយើង ក៏ដេញតាមចាប់បាន រួមទាំងគូកនម្នាក់ទៀត រួចបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ផងដែរថា ចំពោះជនសង្ស័យឈ្មោះ គ.គ ច.ត ហៅឈីលូ ជាមុខសញ្ញាសកម្ម បានប្រព្រឹត្តបទល្មើសចំនួន ០២លើក
-លើកទី១ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចមាត់ស្រះទឹកក្នុងតំបន់សេដ្ឋពិសេសហ្គីហ្ការីស៊ស ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយខ្លួន និងគូកន បានរួបរួមគ្នាធ្វើសកម្មភាពយកដាវដេញកាប់ក្រុមជនរងគ្រោះ តែក្រុមនោះរត់ចោលម៉ូតូ ទើបខ្លួនបញ្ជាឱ្យគូកនយកដាវកាប់បំផ្លាញម៉ូតូបណ្តាលឱ្យរងការខូចខាត។
-លើកទី២ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៥និង១៥នាទីទៀបភ្លឺ នៅចំណុចផ្សាររាត្រីទី១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខ្លួន និងគូកន បានរួបរួមគ្នាលួចម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ស្វាយរៀង 1U-1802។
បច្ចុប្បន្ន៖ ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង ចេញដីកាឃុំខ្លួនរួចហើយ។ រក្សាសិទ្ធដោយ៖ សុទ្ធលី