Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សិក្សាលទ្ធភាពពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីតួនាទីគន្លឹះរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការកែលម្អវិស័យទឹកស្អាតនៅកម្ពុជា។

កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការ ដើម្បីពង្រីកសក្តានុពលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពកម្ពុជាឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ដែល ផ្តោតលើការទទួលបានសេវា និងការគ្រប់គ្រងវិស័យទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់ពលរដ្ឋគ្រប់រូប។

នៅក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនពីភាពចាំបាច់នៃការកែទម្រង់វិស័យទឹកស្អាត ដោយលើកឡើងពីកំណើននៃនគរូបនីយកម្ម ឧស្សាហូបនីយកម្ម និងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចចក្ខុ វិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០។ ឯកឧត្តមក៏បានជម្រាបជូនអំពីស្ថានភាពនៃវិស័យទឹកស្អាតនៅកម្ពុជា ដែលបច្ចុប្បន្ន មានភាពបែកខ្ញែកច្រើន ក្នុងនោះមានរដ្ឋាករទឹកសាធារណៈចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ស្ថាប័ន។

លោកជំទាវ Sandrine Boucher នាយក AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា AFD បានរួមចំណែកក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង៣០ឆ្នាំមកហើយ។ តាមរយៈជំនួយបច្ចេកទេសនេះ AFD បានបញ្ជូនក្រុមអ្នកជំនាញ ដើម្បីធ្វើការសិក្សាកំណត់វិសាលភាព សម្រាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សាសមិទ្ធិលទ្ធភាពនៃការកែទម្រង់វិស័យទឹកស្អាត ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៥។

សហភាពអឺរ៉ុបក៏បានបញ្ជាក់ការផ្តល់មូលនិធិសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនេះ ស្របតាមយុទ្ធសាស្ត្រអឺរ៉ុបរួមទីពីរសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះការកែទម្រង់វិស័យទឹកស្អាតគឺជាអាទិភាពចម្បងមួយរបស់ខ្លួន។

ឯកឧត្តម ហែម វណ្ណឌី និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់ធាតុចូលសំខាន់ៗដល់ក្រុមការងាររបស់ AFD ពិសេសទាក់ទងនឹងគោលបំណង និងលទ្ធផលរំពឹងទុកនៃបេសកកម្មរបស់ពួកគេ។ សមភាគីក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការគាំទ្រគំនិតផ្តួចផ្តើមនេះឱ្យសម្រេចជោគជ័យតាមការគ្រោងទុក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×