Sunday, October 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហែម វណ្ណឌី ៖ វឌ្ឍនភាពនៃធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា គឺជាកាតាលីករថ្មីមួយដើម្បីលើកកម្ពស់កម្រិតនវានុវត្តន៍ជាតិ និងដើរតួសំខាន់ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីប្រកួតនវានុវត្តន៍បច្ចេកវិទ្យា រដូវកាលទី២ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យខេមតិច និងគាំទ្រដោយសហគ្រិនខ្មែរ។

កម្មវិធី ដែលមានគោលដៅលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា និងសហគ្រិនភាពនេះ មានការចូលរួមប្រកួតប្រជែងពីនិស្សិតចំនួន១១៤ក្រុម មកពី២០សាកលវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា។

នៅក្នុងសុន្ទរកថាបិទកម្មវិធី ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីតួនាទីនៃនវានុវត្តន៍ ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសប្រើបច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យា។ ឯកឧត្តម​បាន​បន្ថែម​ថា​៖ “វឌ្ឍនភាពនៃធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា (Tech Startups) គឺជាកាតាលីករថ្មីមួយដើម្បីលើកកម្ពស់កម្រិតនវានុវត្តន៍ជាតិ និងដើរតួសំខាន់ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ដែលមានមូលដ្ឋានសង្គម-សេដ្ឋកិច្ចផ្អែកលើចំណេះដឹង។”

ឯកឧត្តមបានលើកទឹកចិត្តឱ្យធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ចាប់យកឱកាសទីផ្សារតំបន់ និងពិភលោក ដោយបានលើកឡើងថា៖ “ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាគប្បីសម្លឹងមើលទីផ្សារឱ្យបានធំទូលាយ ពោលគឺត្រូវស្វែងយល់​ពីឱកាសទីផ្សារទាំងក្នុងតំបន់ និងសកលលោក បន្ថែមពីលើទីផ្សារក្នុងស្រុកដែលមានស្រាប់ ដូចជាទីផ្សារអាស៊ានដែលមានប្រជាជនចំនួន៦៨០លាននាក់ និងមានផលិតផលក្នុងស្រុកសរុប៤,២ទ្រីលានដុល្លារអាមេរិក។”

កម្មវិធីប្រកួតនវានុវត្តន៍បច្ចេកវិទ្យានេះបានបង្ហាញពីកំណើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ដែលនឹងដើរតួនាទីសំខាន់ក្នុងការធ្វើទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា, បង្កើតការងារក្នុងវិស័យបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យ ព្រមទាំងគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×