Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាដើម្បីសម្របសម្រួលសកម្មភាពអាកាសធាតុ

ខេត្តព្រះសីហនុ ៖ វេទិកាស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ (CCCF24) បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងខេត្តព្រះសីហនុ។ អ្នកចូលរួមទាំងអស់បានពិភាក្សាអំពីបញ្ហាប្រឈម ក៏ដូចជាឳកាសនានា នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងក្នុងតំបន់ ព្រមទាំងបានបង្ហាញពីការច្នៃប្រឌិត និងបច្ចេកវិទ្យាអាកាសធាតុឆ្លាតវៃ។

វេទិកាស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន រួមសហការជាមួយ អង្គការ Mekong Future Initiative (MFI) ដែលនឹងរួមចំណែកដល់ការត្រៀមរៀបចំរបស់កម្ពុជា សម្រាប់សន្និសីទកំពូលក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៩ (CoP29) នៅខែវិច្ឆិកាខាងមុខនេះ។

វេទិកានេះត្រូវបានបើកចាប់ផ្តើម ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក Jason Kalbfleisch នាយករងបេសកកម្មស្តីទីរបស់ស្ថានទូតសហរដ្ឋអាមេរិក ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា និង ឯកឧត្តម Dominic Williams ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ។

វេទិកានេះធ្វើឡើងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា រួមមានកិច្ចពិភាក្សាចំនួន២៤ ដែលផ្តោតលើថាមពលកកើតឡើងវិញ ហិរញ្ញវត្ថុអាកាសធាតុ ទីផ្សារកាបូន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងចំណោមប្រធានបទផ្សេងៗទៀត។ វេទិកានេះក៏មានការពិភាក្សាចំនួនប្រាំមួយ ជាមួយយុវជនដែលជាអ្នកដឹកនាំ ដើម្បីរួមចំណែកដល់អនាគតដែលប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា “ភាពងាយរងគ្រោះនៃប្រទេសកម្ពុជា ពីការប្រែប្រួលអាកាសធាតុ បង្ហាញឱ្យឃើញកាន់តែច្បាស់ក្នុងវិស័យកសិកម្ម នេសាទ និងរុក្ខាប្រមាញ់របស់យើង។ យើងទទួលស្គាល់ថានឹងត្រូវប្រញាប់ធ្វើសកម្មភាពអាកាសធាតុអោយបានច្រើនផងដែរ“។

“យើងកំពុងផ្តោតលើជំហានជាក់ស្តែង ដូចជាការអនុវត្តទៅលើច្បាប់បរិស្ថាន និងធនធានធម្មជាតិដែលបានអនុម័តថ្មីៗ និងធ្វើការបន្ថែមលើគំនិតផ្តួចផ្តើមនានា ដូចជា យុទ្ធនាការដាំដើមឈើឡើងវិញ ដែលកម្ពុជា មានគោលបំណងដាំដើមឈើអោយបានមួយលានដើមក្នុងមួយឆ្នាំៗ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ ក្នុងការសម្រេចបាននូវយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០“។
“ភាពជោគជ័យនៃយុទ្ធនាការមួយចំនួនរបស់យើង ដូចជាយុទ្ធនាការ ‘ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក’ និងសេចក្តីប្រកាសនៅទីក្រុងភ្នំពេញ ស្តីពីកាកសំណល់ប្លាស្ទិក បានបង្ហាញថា សកម្មភាពទាំងនេះបានដំណើរការហើយ។ ខ្ញុំជឿជាក់ថា វេទិកាការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤នេះ នឹងក្លាយជាវេទិកាដ៏ល្អមួយ ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធ្វើសកម្មភាពបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ“។
វេទិកាការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ត្រូវបានឧបត្ថម្ភចម្បងដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងអ្នកឧបត្ថម្ភបន្ទាប់គឺស្ថានទូតអូស្ត្រាលី ។

លោក Jason Kalbfleisch នាយរងបេសកកម្មស្តីទី មកពីស្ថានទូតសហរដ្ឋអាមេរិក បាននិយាយថា “រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ USAID មានកិត្តិយសក្នុងការធ្វើជាអ្នកឧបត្ថម្ភនាំមុខគេសម្រាប់ វេទិកាការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដោយផ្តោតលើការគាំទ្រដល់សហគមន៍ឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
“ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានវិនិយោគជាង៣ពាន់លានដុល្លារក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា ដែលក្នុងនោះចំនួន ១០០លានដុល្លារ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ”។

លោកបានបន្ថែមទៀតថា “ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ យើងនឹងបង្ហាញគម្រោងចំនួនប្រាំរបស់ USAID ដែលសង្កត់ធ្ងន់លើដំណោះស្រាយដែលបានបង្កើតឡើងក្នុងមូលដ្ឋាន ការផ្តល់ហិរញ្ញប្បទានអាកាសធាតុប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងតួនាទីដ៏សំខាន់របស់យុវជន និងសហគមន៍ជនជាតិដើមភាគតិចនៅក្នុងយុទ្ធសាស្ត្រអាកាសធាតុរយៈពេលវែង។ ជាមួយគ្នានេះ យើងកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពរស់នៅដែលប្រកបដោយនិរន្តរភាព និងកសិកម្មឆ្លាតវៃនៃអាកាសធាតុ ដោយជួយកម្ពុជាអោយសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស”។

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងដែលកើតមានរួចហើយនៅក្នុងតំបន់របស់យើង។ ប្រទេសអូស្ត្រាលីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការអាកាសធាតុនៅកម្ពុជា។ យើងកំពុងបង្កើនលទ្ធភាពដែលទទួលបានសេវាទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុសម្រាប់ប្រជាជនកម្ពុជានៅតាមជនបទ ព្រមទាំងគាំទ្រការច្នៃប្រឌិតអាកាសធាតុឆ្លាតវៃក្នុងវិស័យកសិកម្ម និងធ្វើការជាមួយមន្ត្រីថាមពលដើម្បីគាំទ្រលើអន្តរកាលថាមពលស្អាត»។
ក្នុងវេទិកាស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤នេះ ក៏មានការតាំងពិព័រណ៍ដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលបើកជាសាធារណៈក្នុងរយៈពេលនេះផងដែរ ដើម្បីបង្ហាញអំពីបច្ចេកវិទ្យា និងវិធីសាស្រ្តដែលផ្តោតលើអាកាសធាតុ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×