Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកលើកទី២ នៃអ្នកសិក្សាអំពីចិន របស់គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម វង សូត អនុប្រធានទី២នៃរដ្ឋសភា

ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ ក្នុងបេសកកម្មចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នៅខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤មក។

ក្នុងអំឡុងពេលនៃបេសកកម្មការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង សូត មិនត្រឹមតែបានចូលរួមពិធីបើក សន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិនប៉ុណ្ណោះទេ គឺថែមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃខេត្តហ្វូជាន និងបានធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌សំខាន់ៗមួយចំនួនក្នុងខេត្តហ្វូជានផងដែរ។

ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ «ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ ទំនើបភាវូបនីយកម្មពិភពលោក» ឯកឧត្តម វង សូត បានផ្តល់នូវអនុសាសន៍ចំនួន ៥ចំនុច ដើម្បីឈានទៅសម្រចបានទំនើបភាវូបនីយកម្មពិភពលោក និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ក្នុងនោះមានដូចជា៖ ការជំរុញកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជា្រវ ដើម្បីចែករំលែកពុទ្ធិ ការជំរុញការផ្លាស់ប្តូរវប្បធម៌ និងគោរពគោលការណ៍សន្តិសហវិជ្ជមាន ការគាំទ្រគំនិតផ្តួចផ្តើមអភិវិឌ្ឍន៍ប្រកបដោយចីរភាពនានា ការលើកកម្ពស់នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច ដោយសិក្សាពីគំរូជោគជ័យរបស់ប្រទេសចិន និងការរួមដៃគ្នាកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ។

ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនេះ ឯកឧត្តម វង សូត ក៏បានជួបពិភាក្សាការងារជាមួយ លោក ចូ ជូអ៊ី (Zhou Zuyi) លេខាធិការបក្សកុម្មុយនិស្តចិនខេត្តហ្វូជាន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តហ្វូជាន លោក ជី ពីស៊ាន (Ji Bingxuan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃសភាប្រជាជនចិនអាណត្តិទី១៣ និងជាប្រធានសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ លោក លីវ ជានឆាវ (Liu Jianchao) រដ្ឋមន្រ្តីក្រសួងទំនងទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងឯកឧត្តម យ៉ាង គួហាវ (Yang Guohao) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជននៃក្រុងស៊ីមិន (Xiamen)។ លោក វង សូត បានស្នើដល់ភាគីចិន ជួយជំរុញអ្នកទេសចរ និងអ្នកវិនិយោគ ខេត្តហ្វូជាន ទៅទស្សនានិងបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត ។

ជាការឆ្លើយតប ភាគីចិនបានឯកភាពក្នុងការជួយលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសជួយជំរុញអ្នកទេសចរ ព្រមទាំងអ្នកវិនិយោគចិនខេត្តហ្វូជាន ឱ្យទៅកម្ពុជាបានកាន់តែច្រើនថែមទៀត។

គណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌សំខាន់ៗមួយចំនួនក្នុងខេត្តហ្វូជានផងដែរ ដើម្បីស្វែងយល់អំពីសាវតារ និងការរៀបចំអភិវឌ្ឍន៍តំបន់ទាំងនេះ ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ មានដូចជា សហគមន៍អភិវឌ្ឍន៍ Cangxia, តំបន់ស្ថាបត្យកម្ម និងសំណង់បុរាណ Three lanes and Seven Alleys, តំបន់ភ្នំ Wuyi, សិប្បកម្មផលិតតែបែប ប្រពៃណីចិន, និងកំពង់ផែអន្តរជាតិវៃឆ្លាតក្រុង Xiamen។ តំបន់ទាំងអស់នេះ ត្រូវបានដាក់បញ្ជូលទៅ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×