ខេត្តកំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ថ្លែងថា ៖ «ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេស មានចំណូលខ្ពស់» ឯកឧត្ដមអភិបាលខេត្ត ថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតី ជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីបើកវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ចាម ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បី ចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលពិធីនេះ បានរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះ ។
ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម ថ្លែងបន្តថា ផ្អែកតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ.ជ.អ.ប. បានរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បី ចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បី ដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានចាប់ផ្ដើមអនុវត្តដំបូង តាមរយៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ការធ្វើកំណែទម្រង់នេះ បានផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍រដ្ឋបាលឯកភាព គោលការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ។ យ៉ាងណាមិញ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន បង្កើតឱ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បី ឆ្លើយតបតម្រូវការប្រជាពលរដ្ឋចំគោលដៅ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរស់នៅ ។ ដូចនេះ ស្នើសុំឱ្យអង្គវេទិកាទាំងមូល មន្ទីរ អង្គភាព ស្ថាប័ននានា ពិសេស អង្គក្រុមប្រឹក្សានីមួយៗ នៅថ្នាក់ក្រោមជាតិ ដែលសុទ្ធតែពាក់ព័ន្ធ ក្នុងការចូលរួមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សូមធ្វើយ៉ាងណា មិនត្រូវស្ទាក់ស្ទើរ ឬខ្លាចប៉ះពាល់ក្នុងការលើកឡើង និងលើកយកមកឱ្យអស់ នូវរាល់បញ្ហាប្រឈមជាក់ស្តែង ក៏ដូចជា សំណូមពរផ្សេងៗ ដើម្បី ដាក់ជូនអង្គវេទិកា មើលឃើញទាំងអស់គ្នា ដើម្បី ឈានទៅរកដំណោះស្រាយរួមមួយ ឱ្យបានសមស្រប និងជាក់លាក់បំផុត ព្រមទាំង ត្រូវកំណត់ឱ្យច្បាស់ថា តើត្រូវដោះស្រាយនៅក្នុងកម្រិតណា? ហើយអ្នកណា ជាអ្នកទទួលខុសត្រូវ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី