ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយមានព្រះរាជបន្ទូលបញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារប្រកបដោយថាមពលខ្លាំងក្លា ដោយបានប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជាតិ។ រដ្ឋសភាបំពេញការងារយ៉ាងសកម្មដោយបានធ្វើការពិនិត្យ សិក្សា និងស្វែងយល់អំពីការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទៅតាមវិស័យយ៉ាងសស្រាក់សស្រាំ ព្រមទាំងបានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់រដ្ឋសភាក៏បានទទួលយក និងកំពុងចាត់ចែងទៅតាមនីតិវិធីរបស់រដ្ឋសភាផងដែរ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ បានពង្រឹងតួនាទី និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពសា្ថប័ន ដើម្បីឆ្លើយតបឱ្យបានសមស្របតាមទិសដៅ នៃការកែទម្រង់ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ចំណែករាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយមគ្គទេសក៍ថាមវន្ត វាងវៃ និងមោះមុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល១ឆ្នាំមកនេះ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបន្តកើនឡើងជាលំដាប់ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗជាច្រើន។
ស្របពេលជាមួយនេះ ដើម្បីបន្តរក្សាបានសន្តិភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីគោលនយោបាយ និងវិធានការគន្លឹះ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងជំរុញការកែទម្រង់លើវិស័យសំខាន់ៗយ៉ាងម៉ត់ចត់ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគុណភាពជូនប្រជាពលរដ្ឋ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរចំពោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ និងឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ដែលបានដឹកនាំរដ្ឋសភា ប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងម៉ឺងម៉ាត់ ហើយចំណែកសមាជិក សមាជិការដ្ឋសភាទាំងអស់ ក៏បានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលល្អប្រសើរ ជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន គួរជាទីមោទនៈ។
ចុងបញ្ចប់នៃព្រះរាជសារ ព្រះករុណាជាអម្ចាស់បានស្នើស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសកម្មនិងខ្លាំងក្លាថែមទៀត សំដៅធានាបាននូវសុខសន្តិភាព ស្ថិរភាព ការលើកកម្ពស់ជីវភាពប្រជាជន និង សម្រេចបាននូវកំណើនសេដ្ឋកិច្ចសង្គមឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ ព្រះអង្គបានសូមឱ្យបងប្អូនជនរួមជាតិទូទាំងប្រទេស បន្តចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពជាតិ ឱ្យកាន់តែរឹងមាំ ដើម្បីថែរក្សាជំរុញនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ សម្បូរសប្បាយ ដូចអារ្យប្រទេសនានានៅលើសកលលោក។
សូមជម្រាបថា ក្នុងឱកាសនៃថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧នេះ សម័យប្រជុំរដ្ឋសភាមានរបៀបវារៈចំនួន៧ រួមមាន៖
១. ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
២. របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៧។
៣. ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ហ៊ឺ វីរៈ ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងជំនួស សម្តេចចៅហ្វាវំាង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។
៤. ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ជ្រើសតំាងដោយរដ្ឋសភា នីតិកាលទី៧។
៥. ការពិភាក្សានិងអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
៦. ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់និង/ឬប្រើប្រាស់នៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
៧. ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់។ រក្សាសិទ្ធដោយ ៖ សុទ្ធលី