Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ ករណីជនរងគ្រោះ ដែលថៅកែស្រី ប្តឹងចាប់ដាក់គុក ដោយសារយកសត្វឆ្កែ

ភ្នំពេញ ៖ ជនរងគ្រោះ ដែលថៅកែស្រី ប្តឹងចាប់ដាក់គុក ដោយសារយកសត្វឆ្កែ ត្រូវបានដោះលែងវិញហើយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤នេះ ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំអោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។

បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ លើសពីនេះ សម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយកចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និង ស្មោះត្រង់ជាមួយប្រពន្ធ ។

ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានសម្រេចដោះលែងបុរសម្នាក់ចេញពីពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួន បន្ទាប់ពីរងបណ្ដឹងពីស្ដ្រីម្នាក់ពាក់ព័ន្ធករណីចាប់ឆ្កែចិញ្ចឹមមួយក្បាល។ សំណុំរឿងមួយនេះ ទាំងស្ថាប័ននគរបាល និងតុលាការ ក៏ត្រូវបានមហាជនយកធ្វើជាប្រធានបទជជែកគ្នាពេញបណ្ដាញសង្គមផងដែររ។

ដើមចមនៃបណ្ដឹង រហូតឈានដល់ការចាប់ និងឃុំខ្លួនបុរសខាងលើនេះ ត្រូវបានគេបញ្ជាក់ថា បុរសខាងលើ និងដើមបណ្ដឹងជាមនុស្សស្គាល់គ្នា ពោលចុងចម្លើយជាកូនចៅធ្វើការឲ្យដើមបណ្ដឹង ដែលគេស្គាល់ថាមានប្ដីជាជនជាតិចិន។

រឿងរ៉ាវដែលត្រូវគេចែកចាយនេះ បានឲ្យដឹងថា ស្ដ្រីដើមបណ្ដឹងមិនបានបើកលុយថ្លៃធ្វើការជាអ្នកបើកបររថយន្ដ ចំនួន៦០ម៉ឺនរៀល ឲ្យបុរសចុងចម្លើយនោះទេ ដោយសន្យាថ្ងៃនេះថ្ងៃនោះជាបន្ដបន្ទាប់។ ដោយសារចិត្តខឹង បុរសជាចុងចម្លើយបានចាប់កូនឆ្កែចិញ្ចឹមមួយក្បាលរបស់ស្ដ្រីដើមបណ្ដឹង រួចយកទៅស្រុកនៅខេត្តក្រចេះ។

ពេលនោះភាគីទាំងពីរបានឈ្លោះទាស់ទែងគ្នា ហើយស្ដ្រីដើមបណ្ដឹង បានដាក់ពាក្យប្ដឹងទៅនគរបាលខណ្ឌសែនសុខ ហើយឈានដល់ការចាប់ខ្លួនបុរសខាងលើឈ្មោះ ណន សុខហេង។ កាលដែលចាប់ខ្លួននោះ ធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅខេត្តក្រចេះ រួចបញ្ជូនមករាជធានីភ្នំពេញ។

រំលងបានប៉ុន្មានថ្ងៃ ក្រោយទទួលព័ត៌មានថា បុរសខាងលើត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួននោះ រឿងរ៉ាវនេះបានផ្ទុះការវែកញែកគ្នានៅតាមបណ្ដាញសង្គមតែម្ដង។ រហូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ចៅក្រមស៉ើបសួរ ទិត ដាលីន បានចេញដីកាបង្គាប់ឲ្យដោះលែងបុរសខាងលើវិញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×