Thursday, October 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរ សម្រាប់កម្មករ និងកសិករ ក្នុងខ្សែច្រវាក់ផលិតកម្មចេក និងកៅស៊ូ

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ អង្គការអុកស្វាម និងអង្គការដៃគូរអនុវត្តគម្រោង សមភាពសម្រាប់ទាំងអស់គ្នា រៀបចំកិច្ចសន្ទនាថ្នាក់ជាតិក្រោមប្រធានបទ “ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរសម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ” ។
កិច្ចសន្ទនានេះរៀបចំឡើងនៅរាជធានីភ្នំពេញក្នុងគោលបំណងចែករំលែកការអនុវត្តល្អៗរបស់អ្នកពាក់ព័ន្ធសំខាន់ៗពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការផ្តល់ការគាំពារដល់កសិករ និងកម្មករ និងពិភាក្សារកដំណោះស្រាយរួមគ្នាលើបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ ប្រកបដោយប្រសិទ្ធភាព។

កិច្ចសន្ទនាមានអ្នកចូលរួមប្រមាណ ១៣០ នាក់ មកពីស្ថាប័នក្រសួងពាក់ព័ន្ធថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រុមហ៊ុនវិនិយោគ កម្មករ និងកសិករ ពាណិជ្ជករ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាមមានប្រសាសន៍ថា “កម្មករនៅក្នុងវិស័យកសិ-ឧស្សាហកម្ម ដំណាំចេក និងកៅស៊ូ ជួបការលំបាកជាច្រើនទាំងការស្នាក់នៅ និងការបំពេញការងារដោយសារចម្ការភាគច្រើនស្ថិតនៅតំបន់ដាច់ស្រយ៉ាលពេលខ្លះមិនមានសេវាទូរស័ព្ទទៅដល់ ផ្លូវធ្វើដំណើរឆ្ងាយ និងលំបាក។ កម្មករប្រឈមដោយផ្ទាល់ពីការប្រើប្រាស់ថ្នាំគីមីកសិកម្ម ដែលអាចបង្កផលលំបាកដល់សុខភាពទាំងពេលកំពុងបំពេញការងារ និងឥទ្ធិពលរយៈពេលវែង ប្រសិនបើមិនមានការប្រើប្រាស់សម្លៀកបំពាក់ សំភារៈ និងឧបករណ៍ការពារអោយបានត្រឹមត្រូវ។ កម្មករទទួលបានការគាំពារមួយចំនួន តាមរយៈរបបសន្តិសុខសង្គម ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ប៉ុន្តែវិសាលភាពនៅមានកម្រិតនៅឡើយ”។

លោកស្រី ស៊ិន ពុទ្ធារីនាយិកាប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.)មានប្រសាសន៍ថា “ក្នុងនាមជាអង្គការសមាជិកភាព ដែលមានសមាជិកទាំងអង្គការក្នុងស្រុក និងអង្គការបរទេស ចំនួន ១៨៦ ស្ថាប័ន អង្គការ គ.ស.ក. ធ្វើការក្នុងភាពជាដៃគូដើម្បីអភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពនៃអង្គការសង្គមស៊ីវិល” ហើយការចូលចំណែកដល់ការអភិវឌ្ឍគោលនយោបាយកិច្ចគាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករ-និយោជិត ជាមួយរាជរដ្ឋាភិបាល គឺជាដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។”

លោកស្រី សេង រាសី នាយិកានៃអង្គការសីលការមានប្រសាសន៍ថា “ស្រ្តី ជាកម្មករនិងកសិករ ដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដូច្នេះកិច្ចសន្ទនាពហុភាគីលើប្រព័ន្ធគាំពារសង្គម មានសារ:សំខាន់ណាស់ក្នុងការរកដំណោះស្រាយរួម ដែលធានាការរស់នៅរបស់ពួកគាត់ប្រកបដោយសេចក្ដីថ្លៃថ្នូរ។”

លោក ប៊ូ វរសក្ស នាយកប្រតិបត្តិអង្គការជីវិតធម្មជាតិ មានប្រសាសន៍ថា “អង្គការជីវិតធម្មជាតិនៅកម្ពុជាកំពុងជួយសហគមន៍ព្រៃឈើចំនួន២ក្នុងខេត្តរតនគីរីកាត់បន្ថយទំនាស់ជាមួយក្រុមហ៊ុនចំការចេកនិងកៅស៊ូ។ យើងសូមលើកទឹកចិត្តអោយអ្នកពាក់ព័ន្ធនិងខែ្សច្រវាក់ផលិតកម្មចេកនិងកៅស៊ូទាំងអស់បង្កើនទំនាក់ទំនងនិងស្វែងរកដំណោះស្រាយលើបញ្ហាទំនាស់ដើម្បីធានាថាការរីកលូតលាស់នៃដំណាំឧស្សាហកម្មនេះបានផលប្រយោជន៍ទំាងអស់គ្នា។”

ជារៀងរាល់ឆ្នាំ របាយការណ៍ស្តីពីការនាំចេញកសិផលកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជា
លំដាប់។ សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ ២០២៤ នេះ សម្រេចបានទឹកប្រាក់សរុបចំនួន ២២៩ លានដុល្លារ កើនឡើង ១៩,៨៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ១៩១ លានដុល្លារ ទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។ យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូចំនួនជាង ៤០ ម៉ឺនហិកតា (៤០៧,១៧២) គិតត្រឹមឆ្នាំ ២០២៣។

ដោយឡែក សម្រាប់ដំណាំចេកអំបូងលឿង បើតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៤ មានចំនួនជាង ១៤ ម៉ឺន ៣ ពាន់តោន ដោយទទួលបានទឹកប្រាក់ជាង ៩៦ លានដុល្លារ មានការធ្លាក់ចុះជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កត្តាដែលនាំឲ្យមានការធ្លាក់ចុះនេះ គឺការប្រែប្រួលអាកាសធាតុ។ ផ្លែចេករបស់កម្ពុជាភាគច្រើននាំចេញទៅលក់នៅទីផ្សារវៀតណាម ថៃ ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម ហើយក៏មានលក់លើទីផ្សារក្នុងស្រុកផងដែរ។ បើតាមក្រសួងកសិកម្ម ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះចេក ប្រមាណជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង ១១ ពាន់ហិកតា នៅក្នុងឆ្នាំ ២០២២ និងអាចមានការកើនឡើងតិចតួច ក្នុងឆ្នាំ ២០២៣ ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម និងកំពង់ស្ពឺ។

កិច្ចសន្ទនាថ្នាក់ជាតិ នេះបានរៀបចំឡើង ក្នុងក្របខ័ណ្ឌគម្រោងដែលមានឈ្មោះថា សមភាពសម្រាប់ទាំងអស់គ្នា ឬ FAIR for ALL (F4A) របស់អង្គការអុកស្វាម និងមានដៃគូអនុវត្តគម្រោងចំនួន ៧ រួមមានអង្គការស៊ីលីកា សមាគមបណ្តាញកសិករ និងធម្មជាតិ សហព័ន្ធកម្មករកសិកម្មកម្ពុជា ជីវិតធម្មជាតិនៅកម្ពុជា អង្គការតម្លាភាពកម្ពុជា គណៈកម្មាធិការសហប្រតិត្តិដើម្បីកម្ពុជា និងវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ។ គម្រោងសមភាពសម្រាប់ទាំងអស់គ្នា គឺជាគម្រោងកម្រិតសកលលោក ដែលមានចំនួន១៧ ប្រទេស ក្នុងតំបន់ផ្សេងគ្នាចូលរួមអនុវត្ត ចាប់តាំងពីឆ្នាំ ២០២១ និងបិទបញ្ចប់នាឆ្នាំ ២០២៥ ខាងមុខនេះ។ សម្រាប់ប្រទេសកម្ពុជា គម្រោងនេះផ្តោតការយកចិត្តទុកដាក់លើការជំរុញ និងលើកទឹកចិត្ត ឲ្យមានការចូលរួមសហការ និងទទួលខុសត្រូវលើសង្គម បរិស្ថាន និងសេដ្ឋកិច្ចរបស់វិនិយោគគិន ក្នុងដំណាំកសិ-ឧស្សាហកម្ម ចេក និងកៅស៊ូ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×