Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អ មាំមួន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងនោះ ក៏មានវិធានការគន្លឹះក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។ ឆ្នាំទី១ នៃនីតិកាល ទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់និងដាក់ចេញនូវកម្មវិធី ផ្សេងៗ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការ ចំនួន៤ រួមមាន : ទី១) ការពង្រឹងអភិបាលកិច្ច ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលវិធានការទាំង៤ខាងលើ ទៅក្នុង “ស្តង់ដាសាលារៀនគំរូ» ដែលមាន៥ស្តង់ដា សម្រាប់សាលាមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា និងបានវាយតម្លៃ សាលារៀនចំនួន១២០ ជាប់ស្តង់ដា ក្នុងឆ្នាំសិក្សា២០២២-២០២៣។ ជាមួយគ្នានេះ ក្នុងក្របខ័ណ្ឌនៃការអប់រំ បឋមសិក្សា រាជរដ្ឋាភិបាលបានអនុវត្តនូវវិធានការ៣ ក្នុងចំណោមវិធានការទាំង៤ខាងលើ តាមរយៈការអនុវត្ត សាកល្បងនៅក្នុងសាលាបឋមសិក្សាគោលដៅ៤២ ក្នុង៩រាជធានី-ខេត្ត ដោយប្រើយន្តការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។ ខ្ញុំសូមគូសបញ្ជាក់នូវកម្មវិធីសំខាន់ៗ ដែលបានដាក់ឱ្យអនុវត្តនៅ សាលារៀនមួយចំនួន រួមមាន : ការបន្ថែមម៉ោងសិក្សា (២ម៉ោង ក្នុងមួយថ្ងៃ) ការអប់រំបំណិនជីវិត សីលធម៌ វប្បធម៌ សិល្បៈ ភាសាបរទេស និងកុំព្យូទ័រ។

ផ្អែកតាមមេរៀនពិសោធន៍ និងឧត្តមានុវត្តន៍នៃការអនុវត្តសាកល្បងនៅក្នុងសាលាបឋមសិក្សាគោលដៅ ទាំង៤២ និងសាលារៀនជាប់ស្តង់ដាសាលារៀនគំរូទាំង១២០ រាជរដ្ឋាភិបាលនឹងធ្វើការបន្ស៊ីគ្នានូវទស្សនាទាន ការប្រតិបត្តិ និងការគាំទ្រសាលារៀន ដោយប្រើប្រាស់យន្តការរួម ចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ តទៅ។

ជារួម រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការនិងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជននិងសហគមន៍។ ដូច្នេះហើយសាលារៀនត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀននិងរៀន ដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក សម្តេចធិបតីសូមលើកឡើងនូវចំណុចមួយចំនួន ដូចខាងក្រោម៖

ទី១- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ ឆ្ពោះទៅពង្រឹងនិងពង្រីក ការអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ដោយធានាថា សាលារៀនជាកន្លែងផ្តល់ការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព សុខសុវត្ថិភាព និងលទ្ធផល សិក្សារបស់សិស្សបានល្អប្រសើរ។

ទី២- គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិសេសត្រូវរិះរកវិធីដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម២ម៉ោងសិក្សាយ៉ាងតិច ក្នុងមួយថ្ងៃ ដោយផ្តោតលើការបន្ថែមម៉ោងសម្រាប់មុខវិជ្ជាសិក្សាគោល និងការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថ។

ទី៣-គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឱ្យសក្តិសមជាទីកន្លែងផ្តល់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និង ផ្លូវកាយ។ ជាមួយគ្នានេះ ត្រូវចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់កុមារ ដើម្បីកាត់ បន្ថយជំងឺនិងផលប៉ះពាល់លើសុខភាពនិងឈានទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។

ទី៤- លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេសផងដែរ។

ទី៥- មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្ក លក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ដើម្បីហ្វឹកហាត់ទាំងនៅសាលារៀននិងនៅផ្ទះ ចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់ គ្រូបង្រៀនតាមគ្រប់លទ្ធភាព។

ទី៦- ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បាន អនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

ទី៧- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមនិង ទឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។

ទី៨- ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូលរួម ឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាពអប់រំនៅគ្រប់ទីកន្លែង និងតាមគ្រប់ លទ្ធភាព។

ទី៩- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀននិងសារៈសំខាន់នៃការអប់រំ ជាពិសេស ការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្តប់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។

ទី១០- សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី២០២៤-២០២៥ នេះ ទាំងអស់គ្នា។

ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយ ឧបត្ថម្ភគាំទ្រនិងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជាគ្រប់ៗរូប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×