ភ្នំពេញ ៖ ឯកឧត្តម យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា គិតត្រឹមថ្ងៃ៣១ខែតុលា២០២៤នេះ មានមន្រ្តីរាជការចំនួន៤២២រូប ក្នុងនោះមានមន្រ្តីទើបតែងតាំងថ្មី៣១២រូប បានចូលខ្លួនទៅប្រកាសទ្រព្យសម្បត្តិនិងបំណុលនៅអង្គភាពACU។
អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថាACUបានបញ្ជាក់បែបនេះ នៅរសៀលថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមអធិបតីឯកឧត្តមតុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្តេចកិតិ្តសង្គហបណ្ឌិតម៉ែន សំអន។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់មន្រ្តីជាប់កាតព្វកិច្ច ត្រូវធ្វើឡើងតាមច្បាប់កំណត់រៀងរាល់ប្រកាស២ឆ្នាំម្តង ក្នុងគោលបំណងប្រឆាំងអំពើពុករលួយ ទប់ស្កាត់អំពើពុករលួយនិងបង្រ្កាបអំពើពុករលួយនៅកម្ពុជា។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ទៀតថា ការប្រកាសទ្រព្យសម្បត្តិនិងបំណុលគិតត្រឹមថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ នេះគឺមានមន្រ្តីចំនួន៤២២រូប បានចូលទៅប្រកាសទ្រព្យសម្បត្តិនិងបំណុលនៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនោះមានមន្រ្តីថ្មីទើបតែងតាំងមានចំនួន៣១២រូប និងមានមន្រ្តីចំនួន១១០រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុលជាលើកចុងក្រោយ ដោយមូលហេតុ បញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ។
លើសពីនេះទៀតអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា នៅក្នុងខែតុលាឆ្នាំ២០២៤នេះ អង្គភាពACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យបណ្តឹងដែលមានក្នុងខែនេះចំនួន២៩បណ្តឹង។
ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តមអនុប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំនួរ និងបានផ្តល់អនុសាសន៍ល្អៗជាច្រើន ចំពោះការ រាយការណ៍ទាំង ការងារពាក្យប្ដឹង ការងារប្រកាសទ្រព្យសម្បត្តិនិងបំណុល ព្រមទាំងកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ។
កិច្ចប្រជុំបានបញ្ចប់នៅរសៀលថ្ងៃដដែល ក្នុងបរិយាកាសពិភាក្សាវែកញែកដោយភាពស្និទ្ធស្នាល និងភាតរភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី