ខេត្តស្វាយរៀង ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥វិច្ឆិកានេះបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៤០នាទី ឈ្មោះ ង្វៀង ឌីងទន់ ជនជាតិវៀតណាម បានមកសួរសុខទុកឈ្មោះ ង្វៀង តុងហ្វឹង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម នៅពន្ធនាគារខេត្តស្វាយរៀង។ បន្ទាប់ពីសួរសុខទុក្ខបានប្រហែល៥នាទី ឈ្មោះ ង្វៀន ឌីងទន់ បានដើរចេញមកខាងក្រៅ រួចឈ្មោះ ង្វៀន ចុងង្វៀង រត់មកតាមក្រោយដោយបានយកកាំភ្លើង១ដើម (មិនចាំម៉ាក) ពីឈ្មោះ ហ្វៀង ឌីងទន់ ធ្វើការភ្ជុងទៅលើមន្ត្រីការពារ រួចបានឡើងម៉ូតូធ្វើការរត់គេចខ្លួន។
ក្រោយពីបានទទួលព័ត៌មានពីមន្ត្រីអគារអនុរក្សពន្ធនាគារខេត្តស្វាយរៀងរួចមក កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអគារអនុរក្សពន្ធនាគារ ព្រមទាំងអនុវត្តតាមបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំងលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកងកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ ព្រមទាំងបានសហការជាមួយកម្លាំងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមវៀតណាម បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ រួមមាន÷
១- ឈ្មោះ ង្វៀន ចុងង្វៀង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម (ជនជាប់ឃុំ) និងជាមុខសញ្ញាមានដីកា របស់សមត្ថកិច្ចនគរបាលខេត្តង៉េអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
២- ឈ្មោះ ង្វៀង ឌីងទន់ ភេទប្រុស អាយុ ២៣ឆ្នាំ (បក្សពួកដឹកជនជាប់ឃុំ)។
សមត្ថកិច្ចបានធ្វើការដកហូត÷ ម៉ូតូធ្វើសកម្មភាព ០១គ្រឿង និងអាវុធខ្លី ០២ដើម (អាវុធប្រើខ្យល់ ០១ដើម)។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ រកបក្សពួកផ្តល់មធ្យោបាយ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី