Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌

ភ្នំពេញ៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាជាមួយ លោកស្រី Bridgette L Walker ភារធាទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ជំនួយធំជាងគេដែលបានរួមចំណែកដល់វិស័យសកម្មភាពមីនមនុស្សធម៌ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះភាពដៃគូ និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ព្រមទាំងបានទទួលស្គាល់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិក អស់រយៈពេលជាង ៣០ ឆ្នាំ ពិតជាបានជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាបានយ៉ាងច្រើន តាមរយៈវិស័យសកម្មភាពមនុស្សធម៌នេះ។

តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ព្រមទាំងបានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តការគាំទ្រដល់សកម្មភាពមីន ក្នុងនោះរួមមាន ការផ្តល់សម្ភារៈបោសសម្អាតមីននិងគ្រាប់ អាវការពារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាដើម។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យសហរដ្ឋអាមេរិកបង្កើនការគាំទ្រសម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម ដែលជាកិច្ចការអាទិភាពទី២របស់កម្ពុជា បន្ទាប់ពីការងារបោសសម្អាតមីន។

ជាមួយគ្នានោះ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកលើការអនុវត្តអនុសញ្ញាអូតាវ៉ា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទោះបីសហរដ្ឋអាមេរិក មិនមែនជារដ្ឋភាគី។

លោកស្រី Bridgette L Walker បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ា និងការរួមចំណែករបស់កម្ពុជាដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ព្រមទាំងបានកោតសរសើរកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងជំនាញសម្រាប់វិស័យសកម្មភាពមីន។ ជាមួយគ្នានោះ លោកស្រី Bridgette L Walker បានបញ្ជាក់ថា សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×