Wednesday, November 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាស្រ្តាចារ្យ ហ៊ុន ចំរើន ៖ សូមកុំយកវិជ្ជាជីវៈពេទ្យទៅធ្វើជាមុខជំនួញ និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាប់ជានិច្ច

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ដែលបានប្រពឹត្តទៅរយៈពេល ១ថ្ងៃពេញ។

ក្រោយពីមានការបង្ហាញខ្លឹមសារនៃសេចក្តីព្រាង ដោយតំណាងក្រុមការងារកសាងផែនការនេះ ទៅកាន់សិក្ខាកាមចំនួន៨២នាក់ ដែលរួមមានថ្នាក់ដឹកនាំក្រសួងសុខាភិបាល សាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកនៅមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងអង្គការសុខភាពពិភពលោក អង្គការ City Cancer Challenge Foundation តំណាងធនាគារពិភពលោក និងអង្គការដៃគូរអភិវឌ្ឍន៍ផ្សេងៗ ក្នុងនោះ ក៏បានរៀបចំក្រុមការងារបានបែងចែកឱ្យមានការពិភាក្សាលើប្រធានបទចំនួន ៧ក្រុម៖ ១/ ការធ្វើរោគវិនិច្ឆ័យរូបភាពវេជ្ជសាស្រ្ត និងវេជ្ជសាស្រ្តនុយក្លេអ៊ែរ ២/ ការធ្វើរោគវិនិច្ឆ័យតាមវិភាគរោគសាស្រ្ត ៣/ ការព្យាបាលជំងឺមហារីកតាមបែបវេជ្ជសាស្រ្ត និងដោយកាំរស្មី
៤/ ការព្យាបាលដោយសល្យសាស្រ្ត ៥/ ជំងឺមហារីកកុមារ ៦/ ការថែទាំសម្រន់ និង៧/ យន្តការគាំទ្រ។

សិក្ខាកាមម្នាក់ៗ បានចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សាដោយពិនិត្យសកម្មភាពយុទ្ធសាស្រ្តនីមួយៗ កែសម្រួលខ្លឹមសារ និងដាក់បន្ថែមធាតុចូលទៅក្នុងសេចក្តីព្រាងនេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា។ លទ្ធផលនៃការពិភាក្សាពីក្រុមនីមួយៗត្រូវបានបង្ហាញទៅកាន់អង្គពីធីទាំងមូល និងត្រូវបានសំយោគ និងដាក់បង្ហាញទៅកាន់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលជាគណៈអធិបតី ដោយប្រធានក្រុមការងារ។

ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា សិក្ខាសាលានេះគឺជាជំហ៊ានមួយដ៏សំខាន់សម្រាប់ការកសាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជាសម្រាប់ការអនុវត្តន៍ និងសម្រេចបានការប្រយុទ្ធនឹងជំងឺមហារីកប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសង្កត់បន្ថែមថា «សូមកុំយកវិជ្ជាជីវៈពេទ្យទៅធ្វើជាមុខជំនួញ» ដើម្បីឱ្យអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តទាំងអស់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាប់ជានិច្ច៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×