ព្រះសីហនុ៖ មន្ត្រីស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយ វិស័យឯកជន សិស្ស និស្សិត និងប្រជាពលរដ្ឋរស់នៅ ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ បានប្រមូលផ្តុំគ្នាបំផុសអោយមានចលនា សំអាតអនាម័យបរិស្ថាន នាឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០១៧។
ការប្រមូលផ្តុំគ្នា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា របស់ អាជ្ញាធររដ្ឋបាលក្រុង-ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ នាឱកាសនេះ ក្នុងគោលបំណង បំផុសការផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅ នូវអោយកែប្រែទម្លាប់ ឬឥរិយាបថ នៃការរស់នៅប្រចាំថ្ងៃអោយមានការគិតគូរពីបញ្ហាបរិស្ថាន ជាពិសេសធ្វើយ៉ាងណា ត្រូវចេះទុកដាក់ វេចខ្ចប់ និងចោលសំរាមអោយបានត្រឹមត្រូវ។
ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកានាឆ្នាំ២០១៧នេះ សម្រាប់ខេត្តព្រះសីហនុ បានរៀបចំ នៅវេទិកា ៧មករា ក្រុងព្រះសីហនុ ដោយមានវត្តមាន លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត ព្រមទាំងមន្ត្រីរាជការមកពីតាមបណ្តាមន្ទីរ អង្គភាពនានា កងនគរបាល កម្លាំងអាវុធហត្ថខេត្ត សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួម សរុបប្រមាណ ១០០០នាក់៕ ដោយ៖ ដែន សីមា