Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើសមត្ថភាពរបស់អាជ្ញាធរខណ្ឌមានជ័យ បម្រើការយ៉ាងម៉េចទៅ ទាល់តែកម្លាំងពីអគ្គចុះទៅបង្ក្រាបជនល្មើសជិត២០០នាក់ ទើបបែកធ្លាយ

ភ្នំពេញ ៖ ហេតុអ្វី អាជ្ញាធរខណ្ឌមានជ័យ ជាពិសេសប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ និងសង្កាត់ស្ទឹងមានជ័យ៣តែម្ដង ដេកលក់ មិនដឹង មិនឮមិនឃើញ ជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ បើកល្បែងអនឡាញខុសច្បាប់ និងប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗទៀត ដូចជា ការចាប់ជំរិតតាមអនឡាញជាដើម, មិនដឹងថាអាជ្ញាធរមូលដ្ឋាននេះ មានចេតនាលាក់ទុក ឬយ៉ាងណានោះទេ?! គឺរហូតទាល់តែកម្លាំងនគរបាលថ្នាក់លើមកបង្ក្រាបទើបបែកធ្លាយ។

កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រលប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះទៅដល់ទីតាំងអគារមួយកន្លែង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ដោយរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ , នៅក្នុងស្ថានភាពនោះ សមត្ថកិច្ចវាយតម្លៃថា អាចមានការប្រព្រឹត្តបទល្មើសតាមអនឡាញជាច្រើនទៀត ដូចជាការចាប់ជំរិតជាដើម។

ប្រតិបត្ដិការបង្ក្រាបនេះ ធ្វើឡើងដោយក្រុមការងារកម្លាំងរបស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃតែម្ដង មិនចាំបាច់រាយការណ៍ឲ្យកម្លាំងអាជ្ញាធរមូលដ្ឋានដឹងនោះទេ ព្រោះខ្លាចបែកការណ៍, ម្យ៉ាងជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ លាក់ខ្លួនសម្ងំប្រព្រឹត្តបទល្មើសក្នុងទឹកដីរបស់ខ្លួននេះយូរហើយ គឺប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ សង្កាត់ស្ទឹងមានជ័យ៣ និងខណ្ឌមានជ័យ ហេតុអ្វីមិនដឹង?! បើរវល់តែមិនដឹងបែបនេះ តើធ្វើអាជ្ញាធរការពារសន្តិសុខសណ្ដាប់ធ្នាប់  បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ដូចម្ដេចទៅ?! ជាក់ស្ដែង ការបង្ក្រាបនេះ មានន័យថា សមត្ថកិច្ចនៅមូលដ្ឋាន មិនមានសមត្ថភាពនោះទេ។

បើតាមកម្លាំងនគរបាលនៃអគ្គស្នងការរដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្រុមការងារបានទទួលព័ត៌មានពីជនរងគ្រោះ ដែលបានប្តឹងថា ខ្លួនត្រូវបានជនបរទេសចាប់បង្ខាំងនៅក្នុងអគារខាងលើនេះ ទើបរៀបចំកម្លាំងពីអគ្គស្នងការដ្ឋាននគរបាលជាតិចេញទៅតែម្ដង។ ជនជាតិបរទេសទាំងនោះ ត្រូវបានឃាត់ខ្លួន ដើម្បីបន្ដនីតិវិធីរៀបចំឯកសារ បណ្ដេញចេញពីប្រទេសកម្ពុជា។

ដោយឡែក អ្នកពាក់ព័ន្ធនឹងម្ចាស់ទីតាំង សមត្ថកិច្ចកំពុងបន្ដនីតិវិធី តាមផ្លូវច្បាប់ជាបន្ដទៀត។ ទោះជាយ៉ាងណាមហាជន និងសាធារណជន បានសំណូមពរថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសអគ្គស្នងការនគរបាលជាតិតែម្ដង សូមជួយពិនិត្យមើលសមត្ថភាពកម្លាំងនគរបាលនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ និងមន្ត្រីរដ្ឋបាលស៊ីវិលទាំងសង្កាត់ស្ទឹងមានជ័យ៣ និងខណ្ឌស្ទឹងមានជ័យផង ព្រោះបើទុកឲ្យមន្ត្រីអសមត្ថភាពធ្វើការយ៉ាងនេះ អសន្តិសុខនៃបទល្មើស នឹងកើតមានពេញបន្ទុក បង្កភាពវឹកវរដល់ប្រជាពលរដ្ឋ និងសង្គមជាតិជាមិនខាន៕ ពិសិដ្ឋ CEN

×