Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមុខងារសាធារណៈ មិនមានគម្រោងជ្រើសរើសមន្ត្រីថ្មី ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួននោះទេ

ភ្នំពេញ ៖​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ មិនមានគម្រោងជ្រើសរើសមន្ត្រីថ្មី ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួននោះទេ។ ដោយឡែក ប្រសិនជាក្នុងករណីចាំបាច់ ក្រសួងនឹងជ្រើសរើសមន្ត្រីផ្អែកលើមូលដ្ឋានចំនួន៣គឺ៖ (១) ចំនួនដែលត្រូវជ្រើសរើសផ្អែកលើចំនួនមន្ត្រីដែលបានចូលនិវត្តន៍ ចំនួន២៧កន្លែង (២)ជ្រើសរើសតែមន្ត្រីដែលមានជំនាញបច្ចេកទេស ឬស្ថិតក្នុងមូលដ្ឋាននៃបច្ចេកវិទ្យា ឬបរិវត្តកម្មឌីជីថល និង(៣)ជាការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ បាន និងកំពុងអនុវត្តការកែទម្រង់ផ្ទៃក្នុងរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងផ្ទាល់ ការពង្រឹងវត្តមានមន្ត្រី ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធកន្លែងការងារជូនមន្ត្រី ការបែងចែកតួនាទី​ និងភារកិច្ចស្របតាមគុណវុឌ្ឍិរបស់មន្ត្រី ការពង្រាយមន្ត្រី ការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាពមន្ត្រី ការដាក់អនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មមន្ត្រី រួមទាំងការងារផ្សេងទៀតក្នុងគោលដៅចូលរួមធ្វើទំនើបកម្ម និងរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ទាំងនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួង ស្ថាប័នផ្សេងៗទៀត ដើម្បីសម្រេចឱ្យបាននូវការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមទស្សនវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នេះជាផ្នែកមួយដែលជាសម្រង់ខ្លឹមសារនៃប្រសាសន៍របស់ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានលើកឡើងក្នុងសិក្ខាសាលា និងកិច្ចប្រជុំ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×