Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ Mariam J.Sherman បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំយុវជននិងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និងវៀតណាម និងមានចូលរួមពី ថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធក្រោមឱវាទក្រសួង និងប្រតិភូធនាគារពិភពលោក។

ក្នុងឱកាសនេះ លោកជំទាវ Mariam J.Sherman បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ជាពិសេសពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការរៀបចំគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន(Basic Education Improvement Project) ដើម្បីងាយស្រួលក្នុងការជួយគាំទ្រឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេសសម្រាប់វិស័យអប់រំផ្ទាល់។ ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសនៅកម្រិតថ្នាក់ដំបូង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកំណែទម្រង់វិស័យអប់រំ និងចំណុចមួយចំនួនដូចជា៖ ការពង្រឹងសមត្ថភាពគ្រូបង្រៀន បង្កើតវិធីសាស្ត្របង្រៀនថ្មីៗ បណ្តុះបណ្តាលគ្រូបង្រៀន បង្កើនម៉ោងសិក្សា មានបណ្ណាល័យស្តង់ដា បង្កើនម៉ោងអាននិងសរសេរ ពង្រឹងការគ្រប់គ្រងសាលារៀន មាតាបិតា អ្នកអាណាព្យាបាលត្រូវយកចិត្តទុកដាក់ និងតាមដានសកម្មភាពសិក្សារបស់សិស្ស មានសម្ភារសិក្សានិងឯកសារពាក់ព័ន្ធគ្រប់គ្រាន់ ជាពិសេសត្រូវមានផែនការ និងរៀបចំអនុវត្តឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងរយៈពេលវែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×