ខេត្តស្វាយរៀង ៖ ក្រុមការងារនៃសាខាកាំកុងត្រូលខេត្តស្វាយរៀងដឹកនាំដោយលោកណាល់វិចិត្រប្រធានសាខានិង ដោយមានកិច្ចសហការពី មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុនសែន សាមគ្គី ដូនស ស្ថិតក្នុងស្រុកស្វាយជ្រំដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជាង ៥០០ នាក់ ការចុះពិនិត្យនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៧។
លោកណាល់វិចិត្រប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានអោយដឹងថា ៖ ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះមានសារៈ សំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ គឺធ្វើឡើងស្របគ្នានឹងការកំណត់យក «សុវត្ថិភាពចំណីអាហារ» ជាអាទិភាពទី១ សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាបចំណេះដឹងអំពី «សុវត្ថិភាពចំណីអាហារ» ទូទាំង២៥ រាជធានី-ខេត្ត ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល។
លោកបានបញ្ជាក់ថា ការទទួលខុសត្រូវលើ«សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។
ចុងបញ្ចប់នៃកម្មវិធីក៏មានការឆ្លើយនូវសំណួរពាក់ព័ន្ធទៅនឹងម្ហូបអាហារ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ៥០០ ផ្ទាំង ។
បន្ថែមពីលើនេះ នៅព្រឹកថ្ងៃដដែល ដោយបានកិច្ចសហការពីគណៈកម្មការផ្សារ ក្រុមការងារក៏បានបន្តចុះទៅធ្វើការអង្កេតទីផ្សារដូនស ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារខាងលើ ។ ក្នុងនោះក្រុមការងារក៏បានធ្វើតេស្តបឋមលើផលិតផលមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងម្ហូបអារហារ ។ ជាលទ្ធផលបង្ហាញថា ពុំមានវត្តមានសារធាតុគីមីត្រូវបានរកឃើញឡើយ តែក្នុងនោះក្រុមការងារក៏បានដកហូតទៅតាមនីតិវិធីនូវផលិតផលមួយចំនួនដែលមានសភាពមិនប្រក្រតី និងខូចគុណភាព សរុបប្រមាណជាង ៣០ គីឡូក្រាម សម្រាប់ធ្វើការកំទេចចោល៕ វ៉ៃកូ