ភ្នំពេញ៖ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» បានរកឃើញជ័យលាភីលេខ២ ដែលទទួលបានពាន ១ និងថវិកាចំនួន ៥,០០០,០០០រៀល បានទៅលើក្រុមទី១០ ដែលមានប្រធានក្រុមឈ្មោះ នង សិលា និងសមាជិកក្រុម ឡេង ចាន់ទី និង ឡាយ វិសិដ្ឋ ក្រោមប្រធានបទ «The Mekong Central Park» កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ បានប្រព្រឹត្តឡើង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គម្រោង «The Mekong Central Park» ត្រូវបានទទួលការបំផុសគំនិតចេញពីសួន Hanging Gardens of Babylon ដែលលក្ខណៈពិសេសមានអគារមានទម្រង់ថ្នាក់ៗ ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងនិងខៀវស្រងាត់ និង ប្រព័ន្ធធារាសាស្រ្តដែលផ្តល់ភាពត្រជាក់ដល់ឧទ្យានទាំងមូល ដោយមានការរៀបចំប្លង់ និងការរចនាជាទម្រង់ក្លាសិក ជាមួយនឹងភាពទំនើបកម្ម ដែលគេស្គាល់ថាជាទម្រង់បែប សហសម័យ។ ក្នុងឧទ្យានក៏មានជាទីធ្លា សម្រាប់ប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យ និងគ្រប់ពេលវេលា ដោយបែងចែកជា ៦ហ្សូន ដែលមាន៖ ១. ច្រកចូល និងផ្លាហ្សា ដែលជាចំណុចចាប់ផ្តើម, ២. Signature Zone ដែលជាចំណុចស្នូលនៃគម្រោង, ៣. កន្លែងលក់អាហារនិងភេសជ្ជៈ, ៤. មជ្ឈមណ្ឌលកំសាន្ត, ៥. ក្លឹបហាត់ប្រាណ និងកីឡា, និង ៦. ទីធ្លាលំហែជួបជុំទូទៅ ដោយមិនភ្លេចពីការផ្សារភ្ជាប់អ្នកដែលមកកំសាន្តទៅនឹងធម្មជាតិនោះឡើយ។
ការបែងចែងសណ្ឋានដីសម្រាប់ប្រើប្រាស់មានដូចជា៖ ផ្ទៃអគារ ១២%, ផ្ទៃទឹក ១៣%, ផ្ទៃបៃតងសម្រាប់សួនច្បារមាន ៤០%, ផ្ទៃចំណត ៨% និងផ្ទៃផ្សេងៗសម្រាប់ប្រើប្រាស់ទៅលើសកម្មភាពទូទៅ ២៧% និងត្រូវបានគិតគូរយ៉ាងដិតដល់ពីគន្លងព្រះអាទិត្យដោយធ្វើច្រកចូលបែរមុខទៅទិសខាងកើត និងដាំដើមឈើជាច្រើនដើម្បីយកម្លប់នៅទិសខាងត្បូងឆៀងខាងលិច។
លោកស្រី ណុំ សុធារី អនុប្រធានសមាគមស្ថាបត្យករនៃកម្ពុជា បានសរសើរពីការរៀបចំឧទ្យានបានល្អស្អាត និងមានគំនិតឆ្នៃប្រឌិតខ្ពស់ពីក្រុមជ័យលាភីលេខ២ និងផ្តល់មតិលម្អបន្ថែមក្នុងការដកបន្ថយអគារក្នុងឧទ្យានដើម្បីរក្សាទម្រង់ឧទ្យានជាកន្លែងដែលមានធម្មជាតិច្រើនសម្រាប់មនុស្សទៅកំសាន្ត។
លោក ឃីម សេរីវុឌ្ឍ អនុប្រធានផ្នែករចនា និងផែនការ បុរី មេគង្គ លែន បានបន្ថែមថាការរចនាឧទ្យាន «The Mekong Central Park» បានឆ្លើយតបទៅនឹងការរចនារបស់គម្រោង មេគង្គ ស៊ីធី ទាំងមូល ហើយលោកជឿជាក់ថាគម្រោង «The Mekong Central Park» នឹងផ្តល់ឥទ្ធិពលដ៏ល្អសម្រាប់ បុរី មេគង្គ លែន។
ក្រុមជ័យលាភីលេខ២បានបញ្ចេញពីចំណាប់អារម្មណ៍របស់ពួកគាត់ថាពួកគាត់ពិតជាសប្បាយរីករាយដែលបានចូលរួមប្រកួតកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» ដោយពួកគាត់បានរៀនសូត្រចំណេះដឹងថ្មីៗបានជាច្រើនពីការប្រកួតមួយវគ្គទៅមួយវគ្គ ហើយពួកគាត់ពិតជាសប្បាយចិត្តដែល បុរី មេគង្គ លែន សហការបង្កើតកម្មវិធីបែបនេះឡើងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យស្ថាបត្យកម្មនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» បានរៀបចំឡើងដោយមានការសហការពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC), គណៈស្ថាបត្យករនៃកម្ពុជា (BAC), សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC), សមាគមស្ថាបត្យករនៃកម្ពុជា (AAC), សមាគមស្ថាបត្យករអង្គរ (AAA) និង បុរី មេគង្គ លែន ហើយត្រូវបានឧបត្ថម្ភផ្តាច់មុខដោយ បុរី មេគង្គ លែន។