Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល សម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអគ្នេយ៍ ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ

រាជធានីភ្នំពេញ ៖កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារតាមសាលារៀនតំបន់អាស៊ីអាគ្នេយ៍លើកទី១បានចាប់ផ្តើមហើយ។ ថ្នាក់ដឹកនាំ និងគណប្រតិភូកិត្តិយសទាំងអស់បានត្រៀមខ្លួន រួចរាល់ដើម្បីចូលរួមពិភាក្សាស៊ីជម្រៅលើប្រធានបទទាក់ទងនឹងស្ថានភាពអាហារតាមសាលារៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហការជាមួយរដ្ឋាភិបាលហ្វីលីពីន និងកូរ៉េខាងត្បូង នឹង ទទួលរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអគ្នេយ៍ ដើម្បី ជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។ កិច្ចប្រជុំកំពូលនេះ នឹងត្រូវរៀបចំក្រោមក្របខណ្ឌនៃសម្ព័ន្ធ ប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនសកល ហើយនឹងជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តពីបណ្តាប្រតិបត្តិករនៃកម្មវិធីផ្តល់អាហារនៅសាលារៀននៅក្នុង តំបន់ ក្នុងការជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ។

កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅដោយមានការចូលរួម ពីតំណាងនៃស្ថាប័នពាក់ព័ន្ធជាន់ខ្ពស់ ដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ ក៏ដូចជាតំណាងមកពីប្រទេសចិន ជប៉ុន និង កូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ ជាសក្ខីកម្មនៃកាលានុវត្តភាពដ៏ចាំបាច់បំផុត ដែលស្ថាប័នពាក់ព័ន្ធទាំងអស់ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ នឹងត្រូវរួមសហការលើគោលនយោបាយ ដែលមានគោលដៅ លើកកម្ពស់សុខភាព ការអប់រំ និងសក្តានុពលនាថ្ងៃអនាគតសម្រាប់កុមារ តាមរយៈនិរន្តរភាពនៃកម្មវិធី ផ្តល់អាហារនៅសាលារៀន។ កិច្ចប្រជុំនេះ មានគោលបំណងធានាឱ្យបានកាន់ច្បាស់លាស់ថា កុមារនៅ បណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍និងតំបន់ផ្សេងៗទៀត នឹងទទួលបានអាហារនៅសាលារៀនប្រកប ដោយអាហារូបត្ថម្ភខ្ពស់ និងសុខភាពប្រសើរ នៅត្រឹមបំណាច់ឆ្នាំ២០៣០។

នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្ត កម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើកសិផលសហគមន៍ ដោយមានវិសាលភាពលើសាលាបឋម សិក្សាគោលដៅប្រមាណ២ភាគ៣ ជាមួយនិងការប្តេជ្ញាចិត្តក្នុងការសម្រេចបានការគ្របដណ្តប់ផ្នែក ថវិកាអនុវត្តកម្មវិធីឱ្យបានដល់សាលាបឋមសិក្សាចំនួន១១១៤ និងផ្តល់អាហារជូនដល់កុមារឱ្យបាន៣០០ពាន់នាក់ នៅអំឡុងឆ្នាំ២០២៨។ កម្មវិធីនេះ ក៏បានអនុវត្តទន្ទឹមគ្នាជាមួយកម្មវិធីអាហារូបករណ៍ ជាសាច់ប្រាក់ ដែលផ្តល់ជូនសិស្សានុសិស្សមកពីគ្រួសារក្រីក្រពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សា ទុតិយភូមិប្រមាណ៦៥ម៉ឺននាក់។ ប្រការនេះជាការធានាបាននូវការគាំពារផ្នែកអាហារូបត្ថម្ភសមរម្យ និងបរិស្ថានស្បៀងអាហារសមប្រកប ដែលអាចរក្សាប្រសិទ្ធភាពនៃដំណើរការលទ្ធកម្ម និងការចែក ចាយស្បៀងអាហារ ការកសាងសមត្ថភាពស្ថាប័ន និងការធានានិរន្តរភាពនៃហិរញ្ញប្បទាន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់ អាស៊ីអគ្នេយ៍ ជាវេទិកាដ៏ពិសេសមួយដែលរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ អាចប្រមូលផ្តុំគ្នាផ្តោះប្តូរឧត្តមានុ វត្តន៍ និងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការផ្តល់អាហារដែលប្រកបដោយអាហារូបត្ថម្ភដល់កុមារ ដែលជាការតម្កល់ភាពចាំបាច់នៃកម្មវិធីផ្តលើអាហារនៅសាលារៀន ជាឧបករណ៍មួយនៃកម្មវិធីជាតិ គាំពារសង្គម។ កិច្ចប្រជុំនេះ នឹងគូសបញ្ជាក់ពីបំណងប្រាថ្នានៃកម្ពុជា ចំពោះការបណ្តុះមូលធនមនុស្ស ការជំរុញកំណើនសេដ្ឋកិច្ច និងការធានាសុខមាលភាពនៃកុមារ។

របៀបវារៈនៃកិច្ចប្រជុំកំពូលនេះនឹងរួមបញ្ចូលការពិភាក្សា លើការពង្រឹងគុណភាពនិងប្រសិទ្ធភាព ការកែលម្អក្របខណ្ឌគោលនយោបាយ ការធ្វើឱ្យប្រសើរឡើងនូវយន្តការហិរញ្ញប្បទាន និងការបំផុស កិច្ចសម្របសម្រួលអន្តរវិស័យ នៃការអនុវត្តកម្មវិធីផ្តល់អាហារ និងការគាំទ្រផ្នែកអាហារូបត្ថម្ភនៅសាលារៀន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×