តាកែវ ៖ រដ្ឋបាលខេត្តតាកែវនៅ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់សកម្មភាពនៃការផ្តល់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវា អ៊ុនធឺណិតដល់បុគ្គលដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ។
រដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា កន្លងមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍មួយចំនួន បានសហការ និងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយ បន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើបជាដើម ដោយគ្មាន អាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ហើយទីតាំង មួយចំនួនទៀត ក៏នៅតែបន្តមានការផ្តល់សេវាផ្តាច់មុខដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយដែល ធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍។ ក្នុងន័យនេះ ក.ប.ទ. សូមណែនាំ ដូចខាងក្រោម៖
១.ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវបញ្ឈប់ទាំងស្រុងរាល់ការលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិតទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នក ប្រើប្រាស់ ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពី ន.ទ.ក.។
២.ក្រុមហ៊ុន ឬបុគ្គល ដែលកំពុងធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នកប្រើប្រាស់ ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពី ន.ទ.ក. ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ ផ្អែកតាមមាត្រា១៤ មាត្រា១៧ មាត្រា៩១ និងមាត្រា៩២ នៃច្បាប់ស្តីពីទូរគមនាគមន៍ ការធ្វើប្រតិបត្តិការ ដោយគ្មានអាជ្ញាបណ្ណពី ន.ទ.ក. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៥ ០០០ ០០០រៀល ទៅ ១០ ០០០ ០០០រៀល ហើយចំពោះនីតិបុគ្គលដែលប្រព្រឹត្តបទល្មើសនេះ ត្រូវរង ពិន័យជាប្រាក់ពី ៥០០ ០០០ ០០០រៀល ទៅ ១ ០០០ ០០០ ០០០រៀល ព្រមទាំងទោសបន្ថែមដូចដែល មានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។
៣.ក្រុមហ៊ុន ឬបុគ្គលដែលកំពុងមានកិច្ចសន្យាផ្តាច់មុខជាមួយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ត្រូវតែបញ្ឈប់រាល់កិច្ចសហការ ឬបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត។
ផ្អែកតាមមាត្រា៦២មាត្រា១០២ និងមាត្រា១០៣ នៃច្បាប់ស្តីពីទូរគមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ដែលធ្វើការប្រកួតប្រជែងមិនស្របច្បាប់ ត្រូវរងការព្រមានជាលាយ លក្ខណ៍អក្សរដោយភ្ជាប់នូវលក្ខខណ្ឌកែតម្រូវសម្រាប់រយៈពេលកំណត់ណាមួយ ដោយ ន.ទ.ក. ហើយ ក្នុងករណីដែលនៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ៥០ ០០០ ០០០រៀល ទៅ ១០០ ០០០ ០០០រៀល។ ចំពោះនីតិបុគ្គលដែលប្រព្រឹត្តបទ ល្មើសនេះ ត្រូវពិន័យជាប្រាក់ពី ៥០០ ០០០ ០០០រៀល ទៅ ១ ០០០ ០០០ ០០០រៀល ព្រមទាំងទោស បន្ថែមណាមួយ ឬច្រើន ដូចដែលមានចែងក្នុងមាត្រា ១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល)នៃក្រមព្រហ្មទណ្ឌ។
ន.ទ.ក. នឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីល្មើសច្បាប់នេះ ស្របតាមច្បាប់ស្តីពី ទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងវិស័យ ទូរគមនាគមន៍ ការពង្រឹងគុណភាពសេវាអ៊ីនធឺណិត ការលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និង ស្របច្បាប់ ព្រមទាំងធានានូវតម្លៃសមស្របជូនដល់អ្នកប្រើប្រាស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី