Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកស៊ីម៉ាក់ ប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងទំរង់​ នៅតាមគ្រប់ប្រទេសលើពិភពលោក

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់បានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា នៅថ្ងៃទី២០​ ខែវិចិ្ឆកា​ ឆ្នាំ២០២៤នេះ​ មានសារព័ត៌មានអន្តរជាតិជាច្រើននៅលើសកលលោកនេះបានធ្វើការផ្សព្វផ្សាយនិងសំដែងក្តីសោកស្តាយចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក​ ក្នុងការផ្តល់ជំនួយសព្វាវុធជាគ្រាប់មីនប្រឆាំងមនុស្សដល់ប្រទេសអ៊ុយក្រែន។

ឯកឧត្តម បានបន្តថា នេះជាទង្វើផ្ទុយនឹងច្បាប់អន្តរជាតិជាអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស​(អនុសញ្ញាមីនអន្តរជាតិអូតាវ៉ា)ដែលមានប្រទេសជារដ្ឋភាគីចំនួន១៦៤ប្រទេស។ នៅសប្តាហ៍ក្រោយនៅថ្ងៃទី២៥-២៩​ ខែវិចិ្ឆកា​ ឆ្នាំ២០២៤នេះ​ នឹងដំណើរការប្រជុំនៅទឹកដីអង្គរខេត្តសៀមរាប​ ដើម្បីត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញានេះក្នុងរយៈពេល២៥ឆ្នាំ​ និងក្រោមប្រធានបទពិភពលោកមួយគ្មានគ្រាប់មីន!

ឯកឧត្តមហេង រតនា បានថ្លែងថា អង្គភាពសុីម៉ាក់បាននិងកំពុងអនុវត្តភារកិច្ចបោសសម្អាតគ្រាប់មីនជាសំណល់សង្គ្រាមនៅកម្ពុជាមានអាយុជាង៣២ឆ្នាំហើយគិតត្រឹមឆ្នាំ២០២៤នេះ​ បានបោសសម្អាតសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមជាង៣លាន២សែនគ្រាប់ពីទឹកដីសុវណ្ណភូមិដ៍កំសត់នេះ​ ដោយប្រើប្រាស់កម្លាំងមនុស្ស​ សត្វសុនខ​ សត្វកណ្តុរ​ និងគ្រឿងចក្រកម្ទេចមីន​ ដើម្បីដោះស្រាយវិបត្តិមនុស្សជាតិដោយសារគ្រាប់មីនសំណល់សង្គ្រាមនេះ!។

ឯកឧត្តមហេង រតនា បានបញ្ជាក់បន្ថែតទៀតថា យើងសូមប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងទំរង់​ នៅតាមគ្រប់ប្រទេសលើពិភពលោករបស់យើងនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×