ភ្នំពេញ ៖ ជាកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មានឲ្យកាន់តែទូលំទូលាយ អង្គភាពសារព័ត៌មាន Cambodia Express News ( CEN ) បានចុះអនុស្សរណៈ នៃការយោគយល់ជាមួយ ក្រុមហ៊ុន Asian Hub Co, Ltd ដែលតំណាងឲ្យស្ថាប័នព័ត៌មានធំៗ ចំនួន ៥ នៅប្រទេសកូរ៉េខាងត្បូង ដើម្បីផ្ទេរផ្ទូរព័ត៌មាន ពង្រឹងព័ត៌មានគ្នាទៅវិញទៅមក។
ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយ លោក អាន ច័ន្ទថ្លា នាយកប្រតិបត្តិសារព័ត៌មាន Cambodia Express News (CEN.COM.KH) ជាមួយ លោកស្រី Jinhee Choi អគ្គនាយិកាក្រុមហ៊ុន Asian hub Co, Ltd ក្នុងគោលបំណងចែករំលែកព័ត៌មាន ទៅវិញទៅមក, ដោយសារព័ត៌មាននៅប្រទេសកូរ៉េ ស្ថិតនៅក្រោមឆត្ររបស់ Asian Hub , មានន័យថា សារព័ត៌មាន Cambodia Express News មានសិទ្ធិច្បិចយករាល់ព័ត៌មានទាំងឡាយណារបស់ ក្រុមហ៊ុន Asian Hub , រីឯព័ត៌មាននៅកម្ពុជាមួយចំនួន ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពសារព័ត៌មាន Cambodia Express News ពោលគឺ រាល់ព័ត៌មានរបស់សារព័ត៌មាន Cambodia Express News គឺក្រុមហ៊ុនសារព័ត៌មាន Asian Hub មានសិទ្ធិទទួលយកទៅចែករំលែកបន្ត។
លោក អាន ច័ន្ទថ្លា នាយកប្រតិបត្តិសារព័ត៌មាន Cambodia Express News បានថ្លែងថា គេហទំព័រ Cambodia Express News បានដំណើរការរយៈពេលជាង ពីរទសវត្សរ៍ មកហើយ ទទួលបានជោគជ័យផ្នែកប្រកួតប្រជែងព័ត៌មាន គួរឲ្យកត់សម្គាល់ ដោយមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ កិច្ចសហការជាមួយក្រុមហ៊ុនព័ត៌មាន Asian Hub គឺសមស្របនឹងចក្ខុវិស័យរបស់ Cambodia Express News ក្នុងការរួមចំណែកផ្សព្វផ្សាយព័ត៌មាន ដែលលើកឡើងពីភាពវិជ្ជមាន និងបង្ហាញពីមូលដ្ឋាន នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ កាន់តែទូលំទូលាយថែមទៀត។
លោក អាន ច័ន្ទថ្លា ថ្លែងទៀតថា ចក្ខុវិស័យរបស់យើងមានភាពស្របគ្នាចំពោះព្រឹត្តិការណ៍សង្គមជាតិ ដែលត្រូវសហការជាមួយ ក្រុមហ៊ុនព័ត៌មាន Asian Hub របស់កូរ៉េ ចូលរួមពង្រឹងវិស័យព័ត៌មាន ព័ត៌មានពិត ច្បាស់លាស់ និងអាចទទួលយកបាន លើកកម្ពស់ទំនុកចិត្ត និងផ្សព្វផ្សាយព័ត៌មាន ស្ដីពីការអភិវឌ្ឈកម្ពុជា-សាធារណរដ្ឋកូរ៉េ ទៅកាន់ឆាកអន្តរជាតិ៕ ពិសិដ្ឋ CEN