Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបោះជំហានទៅមុខបន្ថែមទៀត លើទំនើបកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់ផ្តល់សេវាសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា “ប្រព័ន្ធ cdcIPM” ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត អង្គការជាតិ អន្តរជាតិ វិស័យឯកជន និងបណ្តាញសារព័ត៌មានសរុបប្រមាណជាង ៣៥០នាក់ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី។

ដោយឈរលើមូលដ្ឋានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដែលត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តបញ្ច​កោណ ដំណាក់កាលទី១” ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេក​វិទ្យា។

អនុវត្តស្របតាមយុទ្ធសាស្រ្តនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (ក.អ.ក.)​ បានបន្តខិតខំកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈជូនវិនិយោគិន តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី និងការរៀបចំប្រព័ន្ធ cdcIPM ដែលជាប្រព័ន្ធបច្ចេកវិទ្យាឌីជីលថ្មីមួយ អាចផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំង ចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។ ប្រព័ន្ធថ្មីនេះនឹងចូលរួមពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដោយប្តូរពីការធ្វើលើឯកសាររឹង ទៅជាការធ្វើតាមប្រព័ន្ធឌីជីថលទាំងស្រុង កាត់បន្ថយតម្រូវការនៃការជួបផ្ទាល់រវាងវិនិយោគិន និងអ្នកផ្តល់សេវា បង្កើនភាពងាយស្រួល និងធ្វើឱ្យបរិយាកាវិនិយោគនៅកម្ពុជាកាន់តែទទួលបានទំនុកចិត្តពីវិនិយោគិនមួយកម្រិតថែមទៀត។

ប្រព័ន្ធ cdcIPM នឹងមិនគ្រាន់តែផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគដាច់ឡែកនោះឡើយ ប្រព័ន្ធនេះនាពេលខាងមុខនឹងក្លាយជាយន្តការបច្ចេកវិទ្យាអេកូឡូស៊ីច្រកចេញ-ចូលតែមួយដ៏មានសក្តានុពល ផ្តល់លទ្ធភាពធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធ cdcIPM និងក្រសួង-ស្ថាប័នជាសមាជិក ក.អ.ក.។ មានន័យថាក្នុងដំណាក់កាលបន្ទាប់ ការចុះបញ្ជីគម្រោងវិនិយោគតែមួយលើក ប្រព័ន្ធរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងទទួលបានព័ត៌មាន និងឯកសារ សំណើរបស់វិនិយោគិន ដែលត្រូវបានចេញដោយ ក.អ.ក. ក្នុងការពន្លឿននីតិវិធីផ្តល់សេវាពាក់ព័ន្ធ និងបង្កើនទំនុកចិត្តជូនវិនិយោគិនប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងនិរន្តរភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×