Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រយៈពេល​៨​ខែ បង្ក្រាប​គ្រឿងញៀន បាន ៤០​ករណី វត្ថុតាង គ្រឿងញៀន ៤០០ គីឡូក្រាម​

​ភ្នំពេញ ៖ គ្រឿងញៀន គឺជា​បញ្ហា​សកល និង​ជា​បទឧក្រិដ្ឋ​ឆ្លងដែន​ដ៏​ធំ​មួយ​ដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​មុខ​យ៉ាង​ស្រួចស្រាវ រួម​គ្នា​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ទៅនឹង​បញ្ហា​នេះ​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ផែនការ​ជាតិ​៣​ឆ្នាំ​(២០១៦-២០១៨) ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​ការចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុ​វតិ្ថ​ភាព និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៣(១​មករា ដល់ ៣១ ខែ​ធ្នូ ឆ្នាំ​២០១៨) អនុវត្ត​កន្លង​មក បាន​កត់សម្គាល់​ពី​សភា​ព​ការណ៍​គ្រឿងញៀន និង​អនុវត្ត​ការងារ​ក្នុង​ឆមាស​ទី​១ គឺ​ទទួលបាន​លទ្ធផល​ប្រសើរ ។​

​កិច្ចប្រតិបត្តិការ​បទ​ល្មើស​គ្រឿងញៀន​ករណី​ធំៗ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ បង្ក្រាបបាន ៤០​ករណី ឃាត់ខ្លួន ៦៥​នាក់ (​ស្រី​១៦​នាក់​) វត្ថុតាង គ្រឿងញៀន ៤៤៥ គីឡូក្រាម និង ៤២៥,០៦​ក្រាម និង រុក្ខជាតិ​ស្លឹក KHAT ៣២២៧ គីឡូក្រាម ។ ក្នុង​នោះ​តាម​ច្រក​ផ្លូវគោក ១៩​ករណី ២០​ក្រុម ឃាត់ខ្លួន ៤៤​នាក់​(​ស្រី​៨​នាក់​) ជនបរទេស ៨​នាក់​(​ស្រី ១​នាក់​) និង​រឹបអូស​បាន​គ្រឿងញៀន ២៥៧​គីឡូក្រាម ៤០៦,៨២​ក្រាម​, តាម​ច្រក​ប្រៃសណីយ៍ បង្ក្រាបបាន ១៨​ករណី ឃាត់ខ្លួន ១៧​នាក់​(​ស្រី ៥​នាក់​) ជនបរទេស ១២​នាក់ រឹបអូស​គ្រឿងញៀន ១៨០​គីឡូក្រាម ៧៥២,៦០​ក្រាម និង​ស្លឹក​រុក្ខជាតិ KHAT ២៩៣៧,៣៦ គីឡូក្រាម​, តាម​ផ្លូវអាកាស បង្ក្រាបបាន ៣​ករណី ឃាត់ខ្លួន ៤​នាក់​(​ស្រី ៣​នាក់​) ជនជាតិ​ថៃ ២​នាក់​(​ស្រី​) ប៊ែល​ហ្សិ​ក ១​នាក់ វៀតណាម ១​នាក់​(​ស្រី​) រឹបអូស​គ្រឿងញៀន ៧​គីឡូក្រាម ២៦៥,៤៤​ក្រាម ។​

​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​លើកឡើង​ថា គ្រឿងញៀន​ជា​បញ្ហា​សកល ដែល​បាន​បង្ក​នូវ​ផលវិបាក​ដល់​សង្គម​មនុស្ស​ជាតិ​ទូទៅ និង​ដល់​គ្រួសារ​ដែល​ទាមទារ​ឲ្យមាន​ការចូលរួម​ដោះស្រាយ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុងសង្គម និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ ។ បទល្មើស​គ្រឿងញៀន​តាម​តំបន់ ពុំ​មាន​ការថយចុះ កម្ពុជា​នៅតែ​បន្ត​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ការផលិត និង​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់ ដែល​បាន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​រងគ្រោះ​ដោយសារ​ការប្រើប្រាស់​រាល​ដាល​ទៅដល់​ជនបទ ។ តាម​ការ​ជំរឿន​ស្ថិតិ​អ្នកប្រើប្រាស់​គ្រឿងញៀន ដែល​ស្នាក់នៅ​តាម​លំនៅដ្ឋាន និង​កំពុង​នៅ​ក្នុង​មជ្ឈមណ្ឌល​អប់រំ​ស្តារនីតិសម្បទា​មាន​សរុប ១៨.៥៥៩​នាក់​(​ស្រី​៣០១​នាក់​)​។​

​ឧត្តមសេនីយ៍​ឯកនាយ​ក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដដែល​ក៏បាន​លើកឡើង​ថា ទោះបី​ការខិតខំ​ប្រឹងប្រែង​ទទួលបាន​លទ្ធផល​បែប​នេះ​ក្តី ប៉ុន្តែ​យើង​នៅតែ​មាន​ការខ្វះខាត​និង​បញ្ហា​ប្រឈម​មួយចំនួន ដែល​ទាមទារ​ឲ្យ​ត្រូវ​រួមគ្នា​ធ្វើ​ការពិនិត្យ និង​ពិភាក្សា​ដើម្បី​ស្វែងរក​ចំណុច​ខ្លាំង និង​ដំណោះស្រាយ​សម្រាប់​អនុវត្ត​ទិសដៅ​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ឆមាស​ទី​២ ឆ្នាំ​២០១៨ ឲ្យទទួល​បាន​ប្រសិទ្ធភា​ព​ថែមទៀត​។ លោក ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ ក៏បាន​លើកឡើង​នូវ​ស្នាដៃ​ជាក់ស្តែង​ថ្មីៗ​នេះ មាន​ការដឹកជញ្ជូន និង​ជួញដូរ​នូវ​រុក្ខជាតិ​ញៀន​ឈ្មោះ ខាត​(KHAT) ដែល​នាំ​ពី​ប្រទេស​អេ​ព្យូ​ពី ចូលមក​កម្ពុជា ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ទាន់ពេល រឹបអូស​រុក្ខជាតិ​ញៀន​ខាត​ទម្ងន់​៣២២៧​គីឡូក្រាម ។ អ្វីដែល បញ្ហា​ថ្មី​លេចធ្លោ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​មន្ទីរ​ប្រឆាង​គ្រឿងញៀន​បង្ក្រាប​ករណី​ជួញដូរ​ធំ​២​ករណី ចាប់ពី​១០​គីឡូក្រាម​ឡើង រឹបអូស​បាន​គ្រឿងញៀន​ជាង​៤៨​គីឡូក្រាម ។​

​ជាមួយគ្នានេះ​លោក​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏​បាន​មានប្រសាសន៍ថា ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើ​ឲ្យ​បទល្មើស​មាន​ការថយចុះ និង​ធ្វើឲ្យ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​មាន​ភា​ព​ល្អប្រសើរ ។ បើ​សមត្ថកិច្ច​បង្ក្រាប​បាន​ជន​ប្រើប្រាស់ និង​អ្នក​ចែកចាយ​គ្រឿងញៀន​បានល្អ ទីផ្សារ​គ្រឿងញៀន​វា​ក៏​ថយចុះ​និង​មាន​ការលំបាក ។ បើ​ទីផ្សារ​គ្រឿងញៀន​មាន​ការថយចុះ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​វា​ខិតខំ​ពង្រីក​ទីផ្សារ ។ លោក​អគ្គលេខាធិការ​ក៏​បាន​ឲ្យ​ក្រុម​សមត្ថកិច្ច​ត្រូវខិតខំ​បន្ថែម ក្នុងការ​រឹតបន្តឹង ស្រប​តាម​ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ថា បន្ទុក​ទ្វេដង​នៃ​គ្រឿងញៀន​នេះ ។ បើ​ទីផ្សារ​គ្រឿងញៀន​ថយចុះ ចឹង​ពួកឧក្រិដ្ឋជន​គ្រឿងញៀន​វា​ខិតខំ​ពង្រីក​ទីផ្សារ​របស់​វា ស្របពេល​ដែល​ពិភពលោក​នៅ​មាន​ការកើនឡើង​ទីផ្សារ​គ្រឿងញៀន ។​

​លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ បាន​មានប្រសាសន៍ថា មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល គឺ​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន ដូចនេះ​ហើយ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល អាច​ងាយស្រួល​ក្នុង​ការទំនាក់ទំនង ជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការគ្រប់គ្រង​លើ​បុគ្គល ឬ​មុខសញ្ញា ដែល​ធ្លាប់​ប្រើប្រាស់ កំពុង​តែ​ប្រើប្រាស់​គ្រឿងញៀន និង​ការចុះ​ប្រតិបត្តិការ​ផ្ទាល់ លើ​ការបង្ក្រាប​អ្នកប្រើប្រាស់ ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន ។​

​លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​មានប្រសាសន៍​បន្ត​ទៀតថា មុខសញ្ញា​ប្រើប្រាស់​តូចៗ​នេះ ដែល​ជា​តំរុយ​ក្នុង​ការស្វែងរក​ចាប់ខ្លួន ដល់​អ្នក​ចែកចាយ ជួញដូរ ជាពិសេស​មេខ្លោង​ធំៗ​តែម្ដង​៕ ដោយ ​៖​ កូឡាប​

          

×