Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទចំនួន ៥ ករណីផ្សេងគ្នា ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យនៅ អ.ដ.ក.

ភ្នំពេញ ៖ នៅថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានដោះស្រាយបញ្ចប់វិវាទដោយជោគជ័យចំនួន ៤ ករណី ដែលជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ និងវិវាទដីធ្លីរ៉ាំរ៉ៃ។

វិវាទទី១- គឺជាវិវាទដីធ្លីរ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេល ១៦ ឆ្នាំ ដោយភាគីទាំងពីរបានអះអាងពីសិទ្ធិរៀងៗខ្លួនលើដីវិវាទមួយកន្លែង ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ វិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយ នៅស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែកក្កដា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ ហេីយត្រូវបានមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សេក សុវណ្ណ,លោក សុក ហៃ, និងលោក ឡាយ អូន ធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃនេះ បានដោយជោគជ័យ។

វិវាទទី២- គឺជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ របស់ប្រជាពលរដ្ឋរស់នៅស្រុកបាទី ខេត្តតាកែវ។ វិវាទកិច្ចសន្យាខ្ចីប្រាក់នេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា តាំងពីឆ្នាំ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ ហេីយត្រូវបានមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ហង់ ហ៊ីដ្រា និងលោក ទិត ឡាយ ធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទកិច្ចសន្យាខ្ចីប្រាក់នេះ បានដោយជោគជ័យ។

វិវាទទី៣- គឺជាវិវាទដីធ្លីរ៉ាំរ៉ៃមួយទៀត ដែលអូសបន្លាយអស់រយៈពេល ២៧ ឆ្នាំ ដោយភាគីទាំងពីរបានអះអាងពីសិទ្ធិរៀងៗខ្លួនលើដីវិវាទមួយកន្លែង ស្ថិតនៅភូមិជ្រៃ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ វិវាទដីធ្លីនេះ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយ នៅថ្នាក់ភូមិ ថ្នាក់ឃុំ ថ្នាក់ស្រុក និងបានដាក់ពាក្យអន្តរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ច ប៉ុន្តែភាគីវិវាទនៅតែមិនអាចបញ្ចប់វិវាទជាមួយគ្នាបាន។ ក្រោយមក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ ហេីយ​ត្រូវបានមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ពេជ ចរិយា, លោក ហួរ សុវឌ្ឍនា, និងលោក សៅ ព្រឿង ធ្វើការ​សម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃនេះ បានដោយជោគជ័យ។

វិវាទទី៤- គឺជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ របស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ វិវាទកិច្ចសន្យាខ្ចីប្រាក់នេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា តាំងពីឆ្នាំ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែឧសភា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ ហេីយ​ត្រូវបានមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ម៉ែន វណ្ណរិទ្ធ, លោក ង៉ាក់ ប៊ុនធី និងលោក លី សុភាព ធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទកិច្ចសន្យាខ្ចីប្រាក់នេះ បានដោយជោគជ័យ។

សូមគូសបញ្ជាក់ថា ការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. គឺធ្វើឡើងដោយផ្អែកតាមការព្រមព្រៀងដោយការស្ម័គ្រចិត្ត និងដោយសេរីរបស់គូភាគី និងដោយគ្មានការសម្រេចសេចក្តីដោយបង្ខំណាមួយឡើយ។ ផ្អែកតាមច្បាប់ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើទ្បើងក្នុងក្របខ័ណ្ឌ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការផងដែរ។

ចំណែកនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឌី បូរីម៉ា, លោក ស៊ូ ណារ៉ាត និងលោកស្រី ណុំ សុខហ៊ុន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងការទាមទារការទទួលខុសត្រូវលើការបង្កឱ្យខូចខាតទ្រព្យសម្បត្តិ បានដោយជោគជ័យ។

សំណុំរឿងវិវាទនេះ កើតចេញពីការទាមទារសំណងលើការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិមួយចំនួន ដោយការធ្វេសប្រហែសរបស់ភាគីម្ខាង ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែតុលា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×