Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារាចរ ស្តីពី ការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២

ភ្នំពេញ ៖ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើងនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣ ខែធ្នូ ដើម្បីរំឭកអំពីការតស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានាក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១,៥ប៊ីលាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនមានពិការភាពកាយសម្បទា ញ្ញាណដឹង និងសតិបញ្ញា ដែលការរស់នៅតែងតែប្រឈមជាមួយឧបសគ្គរារាំងនានា រួមមាន ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមាន សិទ្ធិពេញលេញ នៅក្នុងសង្គម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃ តាំងពីឆ្នាំ១៩៥០ និង នៅបន្តមានខ្លះៗរហូតដល់បច្ចុប្បន្ន។ ដើម្បីផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ជនមានពិការភាពនិងបង្កើន ការយល់ដឹងអំពីបញ្ហាពិការភាពនៅលើពិភពលោក ទិវានេះបានរៀបចំតាំងពីឆ្នាំ១៩៨២មកម៉្លេះ តាមទ្វីប តាមតំបន់ តាមប្រទេស និងតាមសហគមន៍ផ្សេងៗគ្នា រហូតដល់ឆ្នាំ១៩៩២ មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៤៧និងក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨របស់ខ្លួននៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៩២ បានដាក់ចេញនូវ សេចក្តីសម្រេចលេខ៤៧/៣ ណែនាំឱ្យរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់រៀបចំទិវាជនមានពិការភាព ដោយកំណត់យកថ្ងៃទី៣ ខែធ្នូ ក្នុងគោលបំណងសំខាន់ផ្តោតលើការលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ សុខុមាលភាព បង្កើនការយល់ដឹង និងកៀរគរការគាំទ្រជនមានពិការភាព ព្រមទាំងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាព គ្រប់កម្រិត និងគ្រប់វិស័យក្នុងសង្គម។

ដោយឡែក នៅព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានប្រារព្ធទិវាជនមានពិការភាពចាប់តាំងពី ឆ្នាំ១៩៩៨ និងបានកំណត់ទិវានេះនៅក្នុងមាត្រា៩នៃច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៩/០១០ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩ ដើម្បី រំឭកអំពីមហាវិនាសកម្មនៃសង្គ្រាមរាប់ទសវត្សរ៍ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។ មរតកនៃសង្គ្រាមនិង ហាយនភាពក្នុងព្រឹត្តិការណ៍កន្លងមកក៏បានបន្សល់ទុកឱ្យកម្ពុជានូវវិបត្តិសង្គមនានា ជាអាទិ៍ ភាពក្រីក្រ បញ្ហាផ្លូវចិត្ត អនក្ខរភាព កង្វះអាហារូបត្ថម្ភ ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម ត្រូវបាន បំផ្លាញទៅជាផេះផង់ ជាពិសេសបញ្ហាពិការភាព ដែលតម្រូវឱ្យយើងទាំងអស់គ្នាបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត។ ក្រៅពីនោះ ប្រជាជនកម្ពុជាក៏ត្រូវប្រឈមនឹងហានិភ័យមួយចំនួនទៀតដែលនាំឱ្យជនមានពិការភាព មានការកើនឡើងគួរឱ្យព្រួយបារម្ភ រួមមាន គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។

ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ឆ្នាំ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ រាជរដ្ឋាភិបាល សូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖

១- ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ត្រូវប្រារព្ធក្រោមប្រធានបទ «បរិយាបន្ទ ពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវិត្តកម្មឌីជីថល។

២- ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិង ឯកជន ធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យបានយល់ដឹងអំពីទិវាជនមានពិការភាពកម្ពុជា លើកទី២៦និងអន្តរជាតិលើកទី៤២។

៣- គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ត្រូវរៀបចំមីស្ទឹងអបអរសាទរ ពិធីជួបសំណេះសំណាលជាមួយជនមានពិការភាព កម្មវិធីកម្សាន្តសប្បាយ ពិធីហែក្បួនយាត្រានៅតាមក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋនិងឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មជ្ឈមណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

៤- ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជនពិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធត្រូវសហការ រៀបចំមីស្ទឹងថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗសម្រាប់ជនមានពិការភាពនៅថ្នាក់រាជធានី ខេត្ត រៀងៗខ្លួន។

៥- គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្បៃស្យាល់អូឡាំពិកកម្ពុជា ត្រូវរៀបចំ ពិធីប្រកួតកីឡាអបអរសាទរដំណាលគ្នាជាមួយទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិ លើកទី៤២។

៦- អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារ ព្រមទាំងអាណាព្យាបាលរបស់ជនមាន ពិការភាពទាំងអស់នៅទូទាំងប្រទេសត្រូវបង្កលក្ខណៈឱ្យជនមានពិការភាពបានចូលរួមសកម្មភាពនានា សំដៅអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ដូចជា កម្មវិធីមីស្ទឹង កម្មវិធីកីឡា កម្មវិធីចម្រៀង កម្មវិធីកម្សាន្ត និងការជួបជុំគ្នាជាដើម ក្នុងបរិយាកាសសប្បាយរីករាយ និងភាពស្និទ្ធស្នាល។

៧- គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ត្រូវរៀបចំចងបដាពាក្យស្លោក ដើម្បីស្វាគមន៍និងអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×