Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ សម្ដេចធិបតី ដាក់ចេញនូវវិធានការណែនាំ៧ចំណុច

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញវិធានការណ៏ណែនាំ ៧ ចំណុចដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី ២៦។

ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ឆ្នាំ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖

១- ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ត្រូវប្រារព្ធក្រោមប្រធានបទ «បរិយាបន្ទ ពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវិត្តកម្មឌីជីថល។

២- ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិង ឯកជន ធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យបានយល់ដឹងអំពីទិវាជនមានពិការភាពកម្ពុជា លើកទី២៦និងអន្តរជាតិលើកទី៤២។

៣- គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ត្រូវរៀបចំមីស្ទឹងអបអរសាទរ ពិធីជួបសំណេះសំណាលជាមួយជនមានពិការភាព កម្មវិធីកម្សាន្តសប្បាយ ពិធីហែក្បួនយាត្រានៅតាមក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋនិងឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មជ្ឈមណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

៤- ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជនពិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធត្រូវសហការ រៀបចំមីស្ទឹងថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗសម្រាប់ជនមានពិការភាពនៅថ្នាក់រាជធានី ខេត្ត រៀងៗខ្លួន។

៥- គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្បៃស្យាល់អូឡាំពិកកម្ពុជា ត្រូវរៀបចំ ពិធីប្រកួតកីឡាអបអរសាទរដំណាលគ្នាជាមួយទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិ លើកទី៤២។

៦- អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារ ព្រមទាំងអាណាព្យាបាលរបស់ជនមាន ពិការភាពទាំងអស់នៅទូទាំងប្រទេសត្រូវបង្កលក្ខណៈឱ្យជនមានពិការភាពបានចូលរួមសកម្មភាពនានា សំដៅអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ដូចជា កម្មវិធីមីស្ទឹង កម្មវិធីកីឡា កម្មវិធីចម្រៀង កម្មវិធីកម្សាន្ត និងការជួបជុំគ្នាជាដើម ក្នុងបរិយាកាសសប្បាយរីករាយ និងភាពស្និទ្ធស្នាល។

៧- គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ត្រូវរៀបចំចងបដាពាក្យស្លោក ដើម្បីស្វាគមន៍និងអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×