រាជធានីភ្នំពេញ ៖ បើតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ០៤ ខែ ឆ្នាំ ២០២៤ បានឲ្យដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ណែនាំជាបន្តបន្ទាប់ ដោយបានកំណត់តម្រាយផ្លូវ និងពេលវេលាធ្វើចរាចរសម្រាប់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសំដៅធានា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀប រៀបរយសាធារណៈកាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ។
ផ្អែកតាមស្ថានភាពបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋក៏ដូចជាបរិមាណយានយន្តក្នុងរាជធានី ភ្នំពេញមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ធ្វើឱ្យតំបន់មួយចំនួន និងតម្រាយផ្លូវនៅក្នុង ភូមិសាស្ត្រជាយរាជធានីភ្នំពេញដែលពីមុនមានសភាពស្ងប់ស្ងាត់ ចរាចរមិនសូវមមាញឹកក៏បាន ប្រែក្លាយទៅជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ហើយការធ្វើដំណើរលើដងផ្លូវមាន ការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរជាញឹកញាប់ ដែលភាគច្រើនបង្កឡើងដោយរថយន្ត ធុនធ្ងន់ ។
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវធ្វើការកែ សម្រួលឡើងវិញនូវតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ តាមការណែនាំដូចខាងក្រោម៖
១. រថយន្តដឹកជញ្ជូនធុនធ្ងន់ត្រូវបានកំណត់ជា ២ ប្រភេទគឺ៖
+ប្រភេទទី១៖ រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ២ (ពីរ) កម្រិតទម្ងន់សរុបអនុញ្ញាត អតិបរមារបស់រថយន្តកំណត់ត្រឹម ១៦ (ដប់ប្រាំមួយ)តោន អាចធ្វើចរាចរចេញ-ចូលរាជធានីភ្នំពេញ បាននៅពេលថ្ងៃ និងពេលយប់ ប៉ុន្តែត្រូវគោរពពេលម៉ោង តម្រាយផ្លូវ និងភូមិសាស្ត្រ ៥ខណ្ឌដែល រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ដូច មានចែងលម្អិតក្នុងឧបសម្ព័ន្ធ”ក” ។
+ប្រភេទទី២: រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ៣ (បី) ឡើងទៅ កម្រិតទម្ងន់សរុប អនុញ្ញាតអតិបរមារបស់រថយន្តកំណត់ចាប់ពី២១ (ម្ភៃមួយ)តោន ឡើងទៅ អនុញ្ញាតឱ្យធ្វើចរាចរបានពេលថ្ងៃ និងពេលយប់នៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ និងអាចធ្វើចរាចរចេញ-ចូលរាជធានីភ្នំពេញនៅ ពេលយប់ចាប់ពីម៉ោង ០៩:០០ នាទីយប់ រហូតដល់ ម៉ោង ០៥:០០ នាទីព្រឹក ប៉ុន្តែហាមធ្វើចរាចរ ទាំងថ្ងៃ និងយប់ក្នុងភូមិសាស្ត្រ ៥ខណ្ឌ គឺខណ្ឌដូនពេញ ៧មករា ចំការមន បឹងកេងកង និងទួលគោក ព្រមទាំងផ្លូវ និងស្ពានមួយចំនួនទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដូចមានចែងលម្អិតក្នុង ឧបសម្ព័ន្ធខ”។
២. ដោយឡែកចំពោះរថយន្តដឹកជញ្ជូនផ្គត់ផ្គង់ការដ្ឋានសំណង់ និងការដ្ឋានជួសជុលស្ថាបនា ផ្លូវ លូ រួមមាន រថយន្តដឹកខ្សាច់ ដី ថ្ម និងបេតុង រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់លិខិតអនុញ្ញាតជា អាទិភាពដោយឡែក ដោយមានការកំណត់ពេលវេលា និងតម្រាយផ្លូវឆ្ពោះទៅកាន់ការដ្ឋាននីមួយៗ ដែលម្ចាស់យានយន្តបានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ។
៣. សម្រាប់រថយន្តក្រុងដឹកអ្នកដំណើរ (Bus) គ្រប់ប្រភេទ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ ណែនាំអំពីម៉ោងពេល និងតម្រាយផ្លូវក្នុងរាជធានីភ្នំពេញដោយឡែក។
៤. ចំពោះរថយន្តដែលត្រូវធ្វើចរាចរចូល និងឆ្លងកាត់រាជធានីភ្នំពេញ ហើយស្ថិតនៅក្នុងម៉ោង ហាមឃាត់ត្រូវចូលសំចតរង់ចាំនៅទីតាំងសមស្របណាមួយ ឬចំណតជាយរាជធានីភ្នំពេញដែល មានស្រាប់ស្ថិតនៅគ្រប់ច្រកចេញ-ចូលផ្លូវជាតិទាំង ៦ (ផ្លូវជាតិលេខ១, លេខ២, លេខ៣, លេខ៤, លេខ៥ និងលេខ៦) និងហាមដាច់ខាតការឈប់សំចតរង់ចាំនៅតាមដងផ្លូវ ។
៥. ក្នុងករណីមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រថយន្តនឹងទទួលរងនូវការ ឃាត់ទុកដោយគ្មានកាលកំណត់ ដើម្បីអប់រំណែនាំម្ចាស់រថយន្តអំពីការធ្វើចរាចរដឹកជញ្ជូនក្នុង រាជធានីភ្នំពេញ ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ម្ចាស់យានយន្ត ម្ចាស់សហគ្រាស ឬអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជនដែលប្រកបអាជីវកម្មដឹកជញ្ជូនតាមរថយន្តគ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន ។
ក្រោយពីទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្តី ណែនាំខាងលើឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2024/12/b9bfd178ef1c8b8215c0fde513cad0ed-729x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/eb18969dfeee3fbf25deae0eee6681d7-728x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/e259a682fdf531606f2f0d3868386974-722x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/587d1eb547356e111d93957fd7a6bf27-726x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/e49405d9d1eef1e45332f55e88af496d-722x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/248d6213e12f3fb07fb27a5bda1a4895-731x1024.jpg)