ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុនមានគោលបំណងចង់ចូលរួមក្នុងវិស័យកសិកម្ម ដោយផ្តោតទៅលើផលិតកម្មបន្លែ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុន ក្នុងការចូលរួមសហការជាមួយនឹងប្រជាកសិករ ទទួលទិញបន្លែពីកសិករ ផ្តល់នូវបច្ចេកទេសដឹកជញ្ជូនដែលមានតម្លៃសមរម្យ និងមានគុណភាពសម្រាប់ផលិតកម្មបន្លែ ហើយក្រសួងកសិកម្មនឹងជួយគាំទ្រនូវបច្ចេកទេសដាំដុះ និងការរៀបចំផែនការឱ្យបានច្បាស់លាស់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការកសាងសហគមន៍កសិកម្មទំនើប ដែលមានផែនការផលិតកម្មច្បាស់លាស់ មានទុនវិនិយោគ មានផែនការទីផ្សារត្រឹមត្រូវ និងអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដែលក្រុមហ៊ុនអាចចូលរួមតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ជួយកសិករឱ្យមានទីផ្សារ ដោយមិនប្រកួតប្រជែងជាមួយនឹងកសិករឡើយ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ភស្តុភារកម្មបានដើរតួនាទីយ៉ាងសំខាន់ ហើយផលិតកម្មបន្លែនេះត្រូវការការដឹកជញ្ជូនដែលមានតម្លៃសមរម្យ រក្សាបាននូវគុណភាពនិងសុវត្ថិភាពផលិតកម្ម និងជួយកាត់បន្ថយនូវថ្លៃដើមផលិតរបស់ប្រជាកសិករ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាគោលដៅរួមយើងត្រូវមានការចូលរួមទាំងអស់គ្នា ដើម្បីជួយជំរុញការកសាងសហគមន៍កសិកម្មទំនើប និងការលើកកម្ពស់ជីវភាពប្រជាកសិករឱ្យទទួលបានផលចំណេញសេដ្ឋកិច្ចទាំងអស់គ្នា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2024/12/2e6ae116350245edbc8bd5248f9d11a5-1024x555.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/9e2ffda1dd8a94526c837e3495baf532-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/302cdf26faf0a17b0548e0b0d7ac7af4-1024x595.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/4d0ebd8f5c46c23f970aaff12dfbdc94-1024x604.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/285b82ab8a3d1ff9c44b0ae0dcde92ac-1024x659.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/087f07e8930e6b80718c76209442753c-1024x662.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/823ad7c3cbc50a6586b6dc50d80d0f7d-1024x589.jpg)