Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍រួម ស្តីពី ទស្សនកិច្ចផ្លូវការ របស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍រួម ស្តីពីទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែធ្នូ ឆ្នាំ២០២៤

១. តាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៤។ ឯកឧត្តម សនសៃ ស៊ីផាន់ដន ត្រូវបានអមដំណើរដោយ ឯកឧត្តម ថោងសុវ៉ាន់ កុំវិហាន រដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

២. ឯកឧត្តម សនសៃ ស៊ីផាន់ដន បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពដល់វិញ្ញាណក្ខន្ធ វីរជនកម្ពុជា ដែលបានពលីក្នុងសង្គ្រាម។ ឯកឧត្តមក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាកម្ពុជា។

៣. អំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបាន ចូលជួបសម្តែងការគួរសមដោយឡែក ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានចូលរួមពិធីលៀងសាយភោជន៍ផ្លូវការ ជាកិត្តិយសជូនចំពោះឯកឧត្តម ដែលរៀបចំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

៤. ឯកឧត្តម សនសៃ ស៊ីផាន់ដន បានជួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាពជាភាតរភាព និងការយោគយល់គ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីវឌ្ឍនភាព នាពេលបច្ចុប្បន្ននៃប្រទេសរៀងៗខ្លួន និងបានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ដោយរំលឹកអំពីដំណើរទស្សនកិច្ចផ្លូវការលើកទីមួយរបស់សម្តេចធិបតីទៅកាន់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីខែមីនា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែង កិច្ចស្វាគមន៍ចំពោះនាយករដ្ឋមន្ត្រី សនសៃ ស៊ីផាន់ដន ដែលបានអញ្ជើញមកបំពេញទស្សកិច្ចនៅ កម្ពុជានាពេលនេះ ហើយនេះជាទស្សនកិច្ចមួយដ៏សំខាន់ និងជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការជម្រុញ ទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ រវាងប្រទេសជាមិត្តទាំងពីរ ទៅកម្រិតថ្មីមួយទៀត។

៥. ជាថ្មីម្តងទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី អបអរសាទររដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបលើកទី៤៩ នៃទិវាបុណ្យជាតិរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះឯកឧត្តម សនសៃ ស៊ីផាន់ដន ដែលបានផ្ញើលិខិតអបអរសាទរដ៏កក់ក្តៅបំផុត ជូន ចំពោះសម្តេចធិបតី ក្នុងឱកាសខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ដែលរដ្ឋាភិបាលឡាវ សម្រេចបានក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពសង្គមរបស់ ប្រជាជនឡាវ ព្រមទាំងបានជូនពរដល់បក្សប្រជាជនបដិវត្តន៍ឡាវ សូមទទួលបានជោគជ័យដ៏ធំធេង ក្នុងការរៀបចំមហាសន្និបាតបក្សលើកទី ១២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៦។

៦. ឯកឧត្តម សនសៃ ស៊ីផាន់ដន ក៏បានកោតសរសើរចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ន្តការរក្សាបានសុខសន្តិភាព និងស្ថិរភាព ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងមាគ៌ាអភិវឌ្ឍដ៏ត្រឹមត្រូវដែលបាន ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ជាងនេះទៅទៀត ឯកឧត្តមនាយករដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា តាមរយៈការអនុវត្ត “យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១” រាជរដ្ឋាភិបាលកម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែ ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

៧. អំពីកិច្ចសហប្រតិបត្តិការនយោបាយ នាយករដ្ឋមន្ត្រីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការ ផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការប្រាស្រ័យទាក់ទងគ្នាគ្រប់កម្រិតរវាងប្រទេសទាំងពីរជាទៀងទាត់ ដើម្បីបង្កើនទំនុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងលើកកម្ពស់ការសម្របសម្រួលបន្ថែមទៀតលើបញ្ហា តំបន់ និងអន្តរជាតិដែលជាប្រយោជន៍ទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការ បង្កើនការចូលរួមអន្តរសភាតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច។ ភាគីទាំងពីរបានឯកភាពថា កិច្ចប្រជុំ គណៈកម្មការចម្រុះលើកទី ១៥ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ គួរតែចាប់ផ្តើមឱ្យ បានឆាប់ក្នុងឆ្នាំ២០២៥។

៨. លើវិស័យការពារជាតិ និងសន្តិសុខ នាយករដ្ឋមន្ត្រីទាំងពីរបានអបអរសាទរស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ទាំងអស់នៃប្រទេសទាំងពីរចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងក្នុងការ ដោះស្រាយបញ្ហានានា ដូចជាការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរគ្រឿងញៀន ការជួញដូរ មនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗទៀត និងបានលើកទឹកចិត្តឱ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធបន្តរក្សាកិច្ចសហប្រតិបត្តិការទៅមុខទៀត និងចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា និង ទៀងទាត់ ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាព។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាព រក្សា “យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ” រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខ សាធារណៈនៃប្រទេសឡាវ ដើម្បីផ្លាស់ប្តូរទស្សនៈ លើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរក៏បានរួមគ្នាប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយមិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីបង្កគ្រោះថ្នាក់ប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពរបស់ ប្រទេសមួយទៀត ឬជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

៩. ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាក្នុងការ រៀបចំ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិត្រីភាគី កម្ពុជា-ឡាវ-វៀតណាម និងធ្វើជាម្ចាស់ ផ្ទះនៃលំហាត់ហ្វឹកហ្វឺនរួមត្រីភាគី ស្តីពីប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ដែលជាការជំរុញកិច្ចសហ ប្រតិបត្តិការជាក់ស្តែងរវាងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាជននៃប្រទេសទាំងបី ដើម្បី កសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងបញ្ជាក់ពីចំណង សាមគ្គីភាព មិត្តភាព និងការជួយគ្នាទៅវិញទៅមករវាងរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន នៃប្រទេសទាំងបី។

១០. នាយករដ្ឋមន្ត្រីទាំងពីរ បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការលើកទឹកចិត្តអាជ្ញាធរមានសមត្ថកិច្ចនៃ ប្រទេសទាំងពីរ សិក្សាពីលទ្ធភាពនៃការបង្កើតច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់តាពី ដើម្បី សម្រួលពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ ការដឹកជញ្ជូន និងការតភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ។

១១. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីក្រុងវៀងចន្ទន៍ ព្រមទាំងការផ្លាស់ប្តូរលិខិតតុបករណ៍នៃការធ្វើសច្ចាប័នលើសន្ធិសញ្ញា កំណត់ព្រំដែន និងការចុះហត្ថលេខាលើកំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតតុបករណ៍ ដើម្បីអនុវត្ត សន្ធិសញ្ញាខាងលើប្រកបដោយប្រសិទ្ធភាព ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសឡាវ កាលថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនប្រមាណ ៨៦% នៃខ្សែ បន្ទាត់ព្រំដែនសរុប ស្មើនឹង ៥៤០គីឡូម៉ែត្រ និងប្តេជ្ញាពន្លឿនការដោះស្រាយតំបន់ព្រំដែនដែលនៅ សេសសល់ឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកសាងព្រំដែនរួមនៃសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

១២. នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានសម្តែងការពេញចិត្ត ចំពោះការឯកភាពគ្នាជាឯកច្ឆន្ទនៃកិច្ចប្រជុំទាំងពីរ គឺអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែនលើកទី៩ (JTSC) និងគណៈកម្មការចម្រុះព្រំដែនលើកទី៧ (JBC) កាលពីថ្ងៃទី ២៧-២៨ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការដោះស្រាយកំណាត់ព្រំដែនដែល នៅសេសសល់ ក៏ដូចជាការពន្លឿនការងារខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែននៅលើដីជាក់ ស្តែង។ ថ្នាក់ដឹកនាំទាំងពីរក៏បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី៤ របស់ក្រុម ប្រតិបត្តិការកម្ពុជា-ឡាវ និងឡាវ-កម្ពុជា និងកិច្ចប្រជុំលើកទី១០ នៃអនុគណៈកម្មការបច្ចេកទេស ចម្រុះព្រំដែន កម្ពុជា-ឡាវ និងឡាវ-កម្ពុជា កាលពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

១៣. នាយករដ្ឋមន្ត្រីទាំងពីរ បានលើកទឹកចិត្តឱ្យបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿន ការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ)-ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ថ្នាក់ដឹកនាំទាំងពីរមានជំនឿយ៉ាងមុតមាំថា ស្ពាននេះនឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់ ប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ក៏ដូចជាការតភ្ជាប់នៅក្នុងមហាអនុតំបន់មេគង្គ។

១៤. នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុប បំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការ ចៀសវាងពន្ធ និងបានសម្តែងសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងនេះនឹងក្លាយជាកម្លាំងចលករជំរុញការ ពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានស្វាគមន៍ផងដែរចំពោះការរៀបចំ កិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មចម្រុះលើកទី២ (JTC) រវាងកម្ពុជា និងឡាវ ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ នៅប្រទេសឡាវ និងការរៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឡាវ ស្របពេលជាមួយនឹង កិច្ចប្រជុំ JTC លើកទី២ ដើម្បីបង្កើនពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ។

១៥. នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាក្នុងការរិះរកលទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់រវាង ប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការផ្លាស់ប្តូរធុរកិច្ច និងទេសចរណ៍ និងការតភ្ជាប់ប្រជាជន និង ប្រជាជន។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើកទឹកចិត្តឱ្យមានធ្វើទេសចរណ៍តាមរយៈការបើកបរ ដោយខ្លួនឯងរវាងឡាវ-កម្ពុជា និងកម្ពុជា-ឡាវ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រួម រវាងកម្ពុជា ឡាវ និងវៀតណាម ក្រោមមូលបទទ “ប្រទេសបី គោលដៅតែមួយ” ដើម្បីជំរុញការតភ្ជាប់ និងរំហូរទេសចរណ៍ទៅកាន់ប្រទេសទាំងបី។

១៦. ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ ការគាំទ្រ និងការផ្គត់ផ្គង់អគ្គិសនីរបស់ភាគីឡាវដល់កម្ពុជា ដើម្បីបង្កើនសន្តិសុខថាមពលរបស់កម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរមានបំណងប្រាថ្នារួម ដើម្បីអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវរាល់កិច្ច ព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីថាមពល ជាពិសេសអនុស្សរណៈនៃការ យោគយល់គ្នា និងកិច្ចព្រមព្រៀងទាំង ៦ ថ្មីៗ ស្តីពីការជាវថាមពល និងថាមពលបៃតង ដើម្បីរួម ចំណែកលើកកម្ពស់សន្តិសុខថាមពលរវាងប្រទេសទាំងពីរ និងទូទាំងតំបន់អាស៊ាន ដែលបានចុះ ហត្ថលេខាក្នុងអំឡុងពេល និងក្រោយពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសឡាវ កាលពីខែមីនា ឆ្នាំ២០២៤។

១៧. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ពីបំណង របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងក្រសួងអប់រំ និងកីឡាឡាវ ក្នុងការរិះរកលទ្ធភាពបន្ត កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដើម្បីជំនួសកិច្ចព្រមព្រៀងចាស់ដែលអស់ សុពលភាព និងបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨។

១៨. ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងរដ្ឋាភិបាលឌីជីថល រវាងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ ដើម្បីបង្កើនការអភិវឌ្ឍវិស័យទាំងនេះថែមទៀត និងជំរុញការផ្លាស់ប្តូរឌីជីថល។

១៩. សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអបអរសាទរមិត្តឡាវ ចំពោះការធ្វើជាប្រធានប្រកបដោយជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤-៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់ កាលពីថ្ងៃទី៩-១១ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ ក្រោមមូលបទ “ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់ទ មេគង្គ” ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ប្រទេសចិន។ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះការធ្វើជាប្រធាន អាស៊ានរបស់ឡាវនៅឆ្នាំ២០២៤។

២០. ក្រៅពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការ និងបង្កើនការគាំទ្រទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិនានា រួមមានអាស៊ានយន្តការអនុតំបន់មេគង្គ អេកម៉ិក កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងអង្គការសហ ប្រជាជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ សុខដុមរមនា ការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃប្រជាជាតិទាំងពីរ។

២១. នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាស៊ីជម្រៅលើបញ្ហាផ្សេងទៀត រួមមាន សាធារណៈការ និងដឹកជញ្ជូន ធនាគារ សុខាភិបាលសាធារណៈ ការងារ បរិស្ថាន និងវប្បធម៌។ ថ្នាក់ដឹកនាំទាំងពីរមានទស្សនៈរួមថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ គួរតែអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាព (២០២៣-២០២៧) ដែលបានចុះហត្ថលេខាកាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពង្រឹង និងជម្រុញ បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងដែលបានតម្លើងក្នុងឆ្នាំ២០១៩។

២២. បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខាលើឯកសារចំនួនបី រួមមាន៖

(១). កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើ ប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

(២). អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និង សិល្បៈសម្រាប់ឆ្នាំ២០២៥-២០២៧ (TBC) និង

(៣). អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រ កម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។

២៣. ឯកឧត្តម សនសៃ ស៊ីផាន់ដន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតីនាយរដ្ឋមន្ត្រី និងប្រជាជនកម្ពុជា ចំពោះការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះឯកឧត្តម និង គណៈប្រតិភូអម ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×