ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានប្រកួត និងដឹកនាំការប្រកួតពីដំណាក់កាលដំបូងរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់យើង នៃពានរង្វាន់ AFF Women’s Cup 2024។
លទ្ធផលនេះ គឺបានបង្ហាញពីការខិតខំប្រឹងប្រែងទាំងពីកីឡាការិនីផ្ទាល់ គ្រូបង្វឹក និងក្រុមការងារទាំងអស់ ពិសេសរួមទាំងអ្នកគាំទ្រ បានរួមគ្នាធ្វើការប្រកួត គាំទ្រការប្រកួត និងជំរុញឱ្យយើងទទួលបានលទ្ធផលវិជ្ជមាននាពេលនេះ។
សូមជូនពរកីឡាការិនី គ្រូបង្វឹក និងក្រុមការងារទាំងអស់ទទួលបានសេចក្តីសុខ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរត្រឡប់មកមាតុភូមិ ហើយនឹងទទួលបានជោគជ័យសម្រាប់ការប្រកួតនៅពេលខាងមុខ។ New Laos National Stadium ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២៤។
សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានត្រឹមជើងឯករង នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Women’s Cup 2024) ក្រោយរងបរាជ័យ ៣-១ ទល់នឹងក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិឡាវថ្មី នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។
ទោះបីទទួលបានត្រឹមជើងឯករងក៏ពិតមែន តែនេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រមួយ សម្រាប់វិស័យបាល់ទាត់កម្ពុជា ពិសេសក្រុមបាល់ទាត់នារីកម្ពុជា ដែលបានបង្ហាញវត្តមានក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតំបន់រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ។
រីឯក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បានគ្រងជើងឯក AFF Women’s Cup 2024 ស្របពេលសិង្ហបុរី បានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះទីម័រខាងកើត ១-០ ។
ការណ៍នេះ ឥណ្ឌូនេស៊ី កម្ពុជា និងសិង្ហបុរី នឹងទទួលបានកៅអីលេងពាន AFF Women’s Championship 2025 ៕ រក្សាសិទ្ធដោយ៖សុទ្ធលី