Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា ស្ថានភាពបំណុលនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលនៅអាចគ្រប់គ្រងបាន ពុំបង្កឱ្យមានការព្រួយបារម្ភនៅឡើយនោះទេ

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវកិច្ចពិភាក្សាតុមូលស្ដីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលត្រូវបានធ្វើឡើងនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការសម្របសម្រួលដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា។

កិច្ចពិភាក្សាតុមូលនេះ មានការអញ្ជើញចូលពីជាវាគ្មិនកិត្តិយសពីសំណាក់៖

  • ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ ទីប្រឹក្សាសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា
  • ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ
  • ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយក និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ
  • លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករង បទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ
  • លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
  • លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារកម្ពុជា និងជាអគ្គនាយកនៃធនាគារប្រីយសណីយ៍កម្ពុជា

ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា ស្ថានភាពបំណុលនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលនៅអាចគ្រប់គ្រងបាន ពុំបង្កឱ្យមានការព្រួយបារម្ភនៅឡើយនោះទេ។ ចំពោះការដាក់ចេញវិធានការរៀបចំឥណទានឡើងវិញ ត្រូវបានឯកឧត្ដមពន្យល់ថា ពុំទាន់ទទួលបានលទ្ធផលជោគជ័យគួរឱ្យកត់សម្គាល់នៅឡើយទេ ដោយសារតែ អ្នកជំពាក់បំណុលខ្លះ ពុំមែនជាការជំពាក់បំណុលជាមួយនឹងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្លូវការនោះឡើយ ពោលគឺពួកគេជំពាក់បំណុលក្រៅប្រព័ន្ធ (មិនផ្លូវការ) ឬជាការបង់រំលស់អចលនទ្រព្យ ឬរថយន្តជាដើម ដែលវិធានការរៀបចំឥណទានឡើងវិញនេះ ពុំមានប្រសិទ្ធភាពចំពោះករណីនេះឡើយ។ សម្រាប់កម្ចីជាមួយនឹងស្ថាប័នផ្លូវការនៅក្នុងប្រព័ន្ធ វិធានការរៀបចំឥណទានឡើងវិញ នឹងអាចបង្ហាញឱ្យឃើញពីប្រសិទ្ធភាពជាក់ស្ដែងនៅក្នុងខែធ្នូ ឬខែមករាខាងមុខនេះ។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា បញ្ហាបំណុលនេះ គឺជារឿងដែលមានការជាប់ពាក់ព័ន្ធពហុភាគី ហើយគោលនយោបាយនីមួយៗត្រូវការពេលវេលានៅក្នុងការអនុវត្តដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ និងក៏ត្រូវការការចូលរួមពីគ្រប់ភាគីទាំងអស់។ បន្ថែមពីនេះ ឯកឧត្ដមបានផ្ដល់អនុសាសន៍ថា បញ្ហានេះ ទាមទារឱ្យមានការដោះស្រាយឱ្យមានតុល្យភាពរវាងស្ថាប័នផ្ដល់កម្ចី និងអ្នកទទួលកម្ចី ពោលគឺរដ្ឋត្រូវព្យាយាមដោះស្រាយបញ្ហាបំណុលនេះជាលក្ខណៈសន្សឹមៗ និងត្រូវការការចូលរួមពីប្រជាពលរដ្ឋដែលជាអ្នកជំពាក់បំណុល ព្រមទាំងមានភាពចាំបាច់ដែលពលរដ្ឋត្រូវងាកមករកនិន្នាការចាយវាយជាប្រក្រតីឡើងវិញ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងសង្គម។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាតុមូលនេះ កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅចាប់ពីម៉ោង២:៣០នាទីរសៀល ដល់ម៉ោង ៥:០៦នាទីល្ងាច និងមានការអញ្ជើញចូលរួមពីសំណាក់អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្ត្រីរាជការសរុបចំនួន ១៩៨រូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×