Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពីររូប​លើកទឹកចិត្ត នារី​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍ ១៣៣​នាក់ ដំបូង​គេ​នៅ​កម្ពុជា​

​ភ្នំពេញ​៖​នារី​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍ ១៣៣​នាក់ ដំបូង​គេ​នៅ​កម្ពុជា ទទួលបាន​ការលើកទឹកចិត្ត​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​ក្នុង​ការចូលរួមចំណែក​ថែរក្សា​សន្តិភាព អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​ប្រកាស​លើក​ទឹកចិត្ត​ឲ្យ​នារី​ឆ្នើម​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ចូលរួម​អនុវត្ត​សកម្មភាព​ជួយ​ដល់​សង្គម និង​ចូលរួម​ថែរក្សា​សន្តិភាព​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។​

​ការលើកទឹកចិត្ត​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី ការចែករំលែក​បទពិសោធ​ន៍​នារី​ឆ្នើម​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា នា​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា សមិទ្ធផល​ថ្មី​មួយទៀត ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការយកចិត្តទុកដាក់រ​បស់​ក្រសួងទេសចរណ៍ ក្នុង​ការលើកកម្ពស់​គុណ​ភាព គុណ​តម្លៃ​នៃ​ស្នាដៃ​ការងារ​របស់​ស្ដ្រី ដែល​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ឱ្យមាន​ការរីកចម្រើន​ជា​លំដាប់​។ នេះ​ក៏​ជា​វេទិកា​ដ៏​មាន​សារៈសំខាន់​សម្រាប់​វាគ្មិន និង​អ្នកពាក់ព័ន្ធ​ដទៃទៀត មកពី​ក្រសួង​ស្ថាប័ន​ផ្សេងៗ​អាច​ធ្វើ​ការផ្លាស់ប្ដូរ​ចែករំលែក​នូវ​បទពិសោធន៍ សំដៅ​ពង្រឹង​ចលនា​របស់​ស្ដ្រី​ឱ្យ​ក្លាយជា​ដៃគូ ដែល​មិន​អាច​ខ្វះ​បាន​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​។​

​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​ថ្លែងថា នារី​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​បាន​និង​កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​មាន​និរន្តរភាព និង​បរិយា​ប័ន្ន​។ ព្រម​ជាមួយគ្នានេះ ក៏​បាន​បង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និយាយ​ដោយឡែក​របស់​ក្រសួង​ទេសចរណ៍ ក្នុង​ការបង្កើត​ទំព័រ​ថ្មី តម្លៃ​ស្ដ្រី​ក្នុង​វិស័យ​ទេសចរណ៍​យុគសម័យ​តេជោ ដែល​បាន​កសាង​ស្នាដៃ​លេចធ្លោ​នៅក្នុង​ការងារ ផ្ទុយ​ពី​ផ្នត់គំនិត​មនុស្ស​ក្នុង​សង្គម​មួយចំនួន ដែល​នៅ​មើលឃើញ និង​ឱ្យ​តម្លៃ​ទាប​នៅឡើយ​។​

​លោកស្រី បាន​បន្ថែមថា មាន​វត្តមាន​នៅ​គ្រប់​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ដែល​នេះ​ជា​សក្ខីភាព​បញ្ជាក់​ឱ្យឃើញថា ស្ត្រី​ជា​កម្លាំងចលករ​ដ៏​មាន​សក្តានុពល​ក្នុង​វិស័យ​ទេសចរណ៍ ជា​ភាគី​ពាក់ព័ន្ធ​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន និង​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុង​ការលើកស្ទួយ​កម្រិត​ជីវភាព​គ្រួសារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​

​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍​បាន​គិតគូរ​យកចិត្តទុកដាក់ ក្នុង​ការលើកកម្ពស់​សិទ្ធិ តួនាទី និង​តម្លៃ​ស្ត្រី​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ និង​ផ្តល់​ឱកាស​ចូលរួម​ដោយ​ស្មើភាព ស្មើ​តម្លៃ ទាំង​ស្ត្រី​បម្រើការ​ក្នុង​សេវាសាធារណៈ និង​ស្ត្រី​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ តួ​យ៉ាង​ក្រសួង​បាន​បង្កើត​បណ្តាញ​ស្ត្រី​ទាំង​នៅ​កម្រិត​ជាតិ និង​កម្រិត​ក្រោម​ជាតិ បាន​ចងក្រង​នារី​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​ផ្តើមចេញពី​ក្រុម​នារី​ឯកជន​ក៏​បាន​ក្លាយទៅជា​នារី​ឆ្នើម ដោយ​ឆ្លងកាត់​ការប្រកួតប្រជែង​ស្នាដៃ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​សកម្មភាព​ទេសចរណ៍ និង​សកម្មភាព​សង្គម​។​

​លោកស្រី​រដ្ឋមន្ដ្រី អ៊ឹង កន្ថាផាវី ក៏​បាន​លើកទឹកចិត្ត និង​ផ្ដល់​អនុសាសន៍​មួយចំនួន​ដល់​អង្គ​សិក្ខាសាលា​ត្រូវ​បន្ដ​សហការ​គ្នា​ឱ្យបាន​ល្អ ដើម្បី​កសាង​ផែនការអភិវឌ្ឍន៍​យេនឌ័រ​នៅ​គ្រប់​អង្គភាព ជួយ​ជំរុញ​ដល់​ស្ដ្រី​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការដឹកនាំ​គ្រប់គ្រង និង​បង្កើន​ភាព​អង់អាច ជៀសផុត​ពី​ការរំលោភបំពាន អំពើហិង្សា ព្រមទាំង​ទទួលបាន​នូវ​ការគោរព ផ្ដល់​កិត្តិយស និង​តម្លៃ​ពី​សមាជិក​គ្រួសារ និង​សង្គម ត្រូវខិតខំ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ដ្រី និង​គ្រួសារ​ខ្មែរ​។​

​មួយវិញទៀត គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ឱ្យ​បាន​សកម្ម ក្នុង​ការលើកកម្ពស់​យេនឌ័រ ដោយ​មិន​ត្រូវ​ចាត់​ទុក​ការងារ​យេនឌ័រ ជា​ការងារ​ដោយឡែក​របស់​បុគ្គល ឬ​អង្គភាព​ណាមួយ​ឡើយ ជា​ពិសេស​ត្រូវ​បន្ដ​ចុះ​ជាប់​សួរសុខទុក្ខ ផ្ដល់​កម្លាំងចិត្ត និង​ការគាំទ្រ​តាម​គ្រប់​រូបភាព​ចំពោះ​ស្ដ្រី​ទៅ​ដល់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ស្ដ្រី ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×