ខេត្ដកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា នគរបាលចាប់បានក្មេងទំនើងម្នាក់ មានសារធាតុញៀន វិប្បល្លាស្មារតី បានបើកបរម៉ូតូ មួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AU-4783 ជិះឡើងលើផ្លូវល្បឿនលឿន (រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ) លុះមកដល់ច្រកទី១ កំពង់ស្ពឺកើត ត្រូវសមត្ថកិច្ចនគរបាលស្ទាក់ចាប់បានតែម្ដង។
បច្ចុប្បន្នក្រោយសាកសួរជនខាងលើមិនអាចផ្ដល់អំពីអ្វីបានទាំងអស់ ដូច្នេះសមត្ថកិច្ចនគរបាលស្នើសុំឲ្យអាណាព្យាបាលមកទំនាក់ទំនងជាមួយសមត្ថកិច្ចនៅប្រចាំការច្រកផ្លូវឡើង ផ្លូវល្បឿនលឿនកំពង់ស្ពឺខាងកើត ។
សូមបញ្ជាក់ផងដែរថា ចំពោះទោចក្រយានយន្តដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបានលុះត្រាទោចក្រយានយន្តនោះមានទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅ ដោយមានបិតនូវលតាបត្រដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអាចស្នើសុំបាននៅទីតាំង មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួង និងផ្សារទំនើបអ៊ីអនមានជ័យ ដោយឥតគិតថ្លៃ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបសូមកុំយកគំរូតាម និងចូលរួមស្វែងយល់ អនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី