Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមកម្សាន្តកម្មវិធីបង្ហោះខ្លែង លេងទឹក ចុងសប្តាហ៍ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ ខ្លែងឯកខ្មែរ បញ្ចេញសំឡេងពីរោះអស្ចារ្យ និងលុបបំបាត់ពាក្យដំណាលចង្រៃ

ជាការលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី ពាក់ព័ន្ធនឹងខ្លែងឯកខ្មែរដ៏អស្ចារ្យតាំងពីបុរាណកាលមកនោះ កម្មវិធីបង្ហោះខ្លែងឯកអមដោយការកម្សាន្តសប្បាយលេងទឹក ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមយ៉ាងគគ្រឹកគគ្រេង សប្បាយអឺងកងផង ហើយក៏ជាសកម្មភាពពង្រីក​ និង​ផ្សព្វផ្សាយ​វប្បធម៌លើ​វិស័យ​ខ្លែង​ខ្មែរឱ្យកាន់តែ​ផុសផុល និងក្នុងបំណងលុបបំបាត់អំពីផ្នត់គំនិតដែលថា ខ្លែងឯកខ្មែរចង្រៃ ព្រមទាំង​ប្រើប្រាស់​សក្តានុពល​វប្បធម៌​មួយនេះទាក់ទាញទេសចរ ដែលជា​ចំណែក​មួយ​ចូលរួមកំណើនសេដ្ឋកិច្ចជាតិ​។​

ពិធីបង្ហោះខ្លែង អមដោយការកម្សាន្តសប្បាយលេងទឹកនេះ គេឱ្យឈ្មោះថា ” ខល្លឺ ដឹ ស្កាយ បាយ អង្គរស្កាយ = Colour the Sky by Angkor Sky ” ធ្វើឡើងនៅសួនទឹក ហ្គាឌិន ស៊ីធី ជិតសារមន្ទីរវិមានឈ្នះៗ និងភ្នំពេញសាហ្វារី តាមបណ្ដោយមហាវិថីវិមានឈ្នះៗ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៤ – ១៥ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១០ព្រឹក ដល់ ៩យប់ ដោយមានការលក់សំបុត្រឱ្យអតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ចូលមើល និងដើរលេងកម្សាន្ត ដូចជា មើលការបង្ហោះខ្លែង និងលេងទឹកនៅសួនទឹក ហ្គាឌិន ស៊ីធី នេះតែម្ដង។

ពន្យល់ឆ្លើយតបនឹងពាក្យដំណាលថា ខ្លែងឯកខ្មែរ ធ្លាក់លើផ្ទះអ្នកណា ផ្ទះនោះចង្រៃ…? ត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា តាមពិតវាមិនមែនបែបនោះទេ វាគ្រាន់តែជាការយល់ច្រឡំមួយតែប៉ុណ្ណោះ ដោយមនុស្សចាស់ៗជំនាន់មុន បានរអ៊ូរទាំដាក់អ្នកបង្ហោះខ្លែងថា ខ្លែងហ្អែង ធ្លាក់លើដំបូលផ្ទះអញ ក្មេងទាញកន្ទុយទម្លាក់ចុះ រហែករបើកដំបូលស្បូវអស់ហើយ ចង្រៃហ្មង , មនុស្សចាស់ គ្រាន់តែនិយាយបែបខឹងបន្ទោសក្មេងតែប៉ុណ្ណោះ មិនសំដៅទៅលើភាពចង្រៃ ឧបទ្រព ឬអពមង្គល អ្វីនោះទេ, ដូច្នេះហើយ សូមពលរដ្ឋខ្មែរជំនាន់នេះតទៅ ឈប់យល់ច្រឡំទៀតទៅ ដែលធាតុពិត គឺខ្លែងឯកខ្មែរ មានភាពអស្ចារ្យណាស់ដោយបង្ហោះបានខ្ពស់ ហើយឮសំឡេងពីរោះ ដូចគេប្រគំតន្ត្រី នៅលើលំហអាកាសទៀតផង។

ការរៀបចំកម្មវិធីបង្ហោះខ្លែងនេះ គឺជា​ការអប់រំ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យទទួលយក និង​ថែរក្សា​នូវ​ទំនៀម​ទម្លាប់ វប្បធម៌ ប្រពៃណី​នៃ​ការ​បង្ហោះខ្លែង​ខ្មែរ​ទៅ​ថ្ងៃ​អនាគត​។រហូតមកដល់​ពេលនេះ វប្បធម៌​នៃ​ការ​បង្ហោះខ្លែង​ខ្មែរ កំពុង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​ដល់​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​ជាតិ​ និង​អន្តរជាតិ​ ជាពិសេស ទាក់ទាញភ្ញៀវទេសចរ ខ្មែរ-បរទេស ឱ្យចូលរួមកម្សាន្ត បន្ថែមកំណើនសេដ្ឋកិច្ច។

គួរបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ តែងតែ​ប្រារព្ធ​ពិធី​បើក​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​នៅ​ទូទាំងប្រទេស (ក្រសួងគេប្រើពាក្យបង្ហើរខ្លែង ចំណែក CEN សូមអភ័យទោស សូមប្រើពាក្យបង្ហោះខ្លែងវិញ… ព្រោះថា ពាក្យបង្ហោះ គឺវត្ថុអ្វីមួយអាចហោះឡើងទៅលើលំហបាន វាអាស្រ័យដោយមនុស្សជាអ្នកធ្វើ ឬមានវត្ថុមួយទៀតទៅជំរុញ ដូចជា យន្តហោះ និងខ្លែងនេះ ជាដើម, ចំណែកពាក្យបង្ហើរ វាគ្រាន់តែអាចហើររសាត់អណ្ដែតបានតែមួយភ្លែតប៉ុណ្ណោះ វានឹងធ្លាក់ចុះមកវិញ ដូចជាខ្យល់បក់ ស្លឹកឈើ សំណាត់ ស្បោង ចាបហើរ ជាដើម… ជាក់ស្ដែង សត្វបក្សី គេប្រើពាក្យ ហើរ ដោយសារតែវាចេះប្រើស្លាបខំប្រឹងហើរដោយខ្លួនឯង ខុសពីវត្ថុខ្លែង ត្រូវបានគេយកវាទៅបង្ហោះ ដើម្បីឱ្យវាជក់ខ្យល់ ហោះនៅលើលំហអាកាសបានយូរ) ដើម្បី​ជ្រើស​រើសយក​អ្នក​ដែលមាន​ទេពកោសល្យ​ក្នុងការ​ធ្វើ​ខ្លែង និង​បង្ហោះខ្លែង​៕ ពិសិដ្ឋ CEN

×