ក្រចេះ ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រមូលអាចម៍ដីរ៉ែមាសអនាធិបតេយ្យ ដើម្បីចម្រាញ់យកមាស ស្ថិតនៅភូមិសាស្ត្រតំបន់អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រឿងសែនជ័យ ខេត្តក្រចេះ។
មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពី ម៉ោង៧៖០០ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលបានប្រទះឃើញការ ប្រមូលអាចម៍ដីរ៉ែមាសអនាធិបតេយ្យដើម្បីចម្រាញ់យកមាស ស្ថិតនៅភូមិសាស្ត្រតំបន់អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ក្រោយពីទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង ២៖០០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីររ៉ែ និងថាមពលខេត្ត បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង ដោយមានការចូលរួមសហការ ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប៉ុន្តែត្រូវបានម្ចាស់ទីតាំង និងក្រុមធ្វើសកម្មភាពបទល្មើសរ៉ែមាស អនាធិបតេយ្យ រើសម្ភារៈ រត់ចោលទីតាំងបាត់ទៅហើយ។ មន្ទីរ និងអាជ្ញាធរមូលដ្ឋាន កំពុងតាមដានឃ្លាំមើល សកម្មភាពខាងលើដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
កន្លងមកមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ធ្លាប់បានចុះបង្ក្រាបបទល្មើសរ៉ែមាសអនាធិបតេយ្យ និង មានការផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែសកម្មភាពទាំងអស់នេះនៅតែកើតមាន ទោះបីជាមន្ទីររ៉ែ និងថាមពលខេត្ត បានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ និងទប់ស្កាត់ក៏ដោយ។
មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើ អាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាស ការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការ បំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋាន តាមរយៈ ការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។
ឆ្លៀតឱកាសនេះ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើ អាជីវកម្មរ៉ែមាសអនាធិបតេយ្យបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយ ធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកមន្ទីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

