Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ដល់សិស្សនិស្សិត ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដោយត្រូវរៀនសូត្រឱ្យច្បាស់លើ ៣ចំណុចសំខាន់

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើក “ពិព័រណ៍ណែនាំអំពីការងារ (Career Guidance Fair) នៅសាលាអន្តរជាតិ ACE សាខាទូលទំពូង ដោយមានការចូលរួមពីសំណាក់ លោកស្រី Katherine McLean នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអន្តរជាតិ (International Business Chamber – IBC)
តំណាងសាលាជាតិ និងអន្តរជាតិ តំណាងវិស័យឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មអន្តរជាតិ (International Business Chamber – IBC) និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្តួចផ្តើមរៀបចំពិព័រណ៍នេះឡើង ដើម្បីបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច លើកកម្ពស់សហគ្រិនភាពយុវជន និងផលិតភាពសេដ្ឋកិច្ច ជាពិសេសជួយតម្រង់ទិសអាជីពការងារដល់សិស្សនិស្សិត តាមរយៈការផ្តល់កិច្ចពិភាក្សាដោយវាគ្មិនកិត្តិយស អ្នកជំនាញ និងធុរជនដែលមានទស្សនវិស័យ ចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែង ក៏ដូចជាផ្តល់ឱកាសឱ្យយុវជនបានស្វែងយល់ពីតម្រូវការទីផ្សារការងារពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ក្នុងបរិការណ៍ឌីជីថល និងសន្ទុះនៃការវិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ធ្វើឱ្យតម្រូវការទីផ្សារការងារប្រែប្រួលយ៉ាងខ្លាំង ជំនាញប្រមាណ ៤០% ត្រូវបានគេទស្សទាយថាអាចនឹងបាត់បង់ ខណៈជំនាញថ្មីៗជាច្រើននឹងត្រូវកើតមានឡើង ដូច្នេះដើម្បីឆ្លើយតបនឹងការវិវឌ្ឍនេះ ទាមទារឱ្យមនុស្សត្រូវមានបំណិនដើម្បីចេះគ្រប់គ្រង និងចេះទាញអត្ថប្រយោជន៍ពី AI។ ដូច្នេះហើយ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ការអប់រំបច្ចេកវិទ្យាឌីជីថល ដោយបានបញ្ជ្រាបចំណេះដឹងទាំងនេះទៅក្នុងកម្មវិធីសិក្សា និងតាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនជំនាន់ថ្មី។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់សិស្សនិស្សិត ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដោយត្រូវរៀនសូត្រឱ្យច្បាស់លើ ៣ចំណុចសំខាន់ គឺ (ទី១) ត្រូវចេះឱ្យច្បាស់ទាំងភាសាជាតិ និងភាសាបរទេស ដើម្បីបន្តពង្រីកចំណេះដឹង និងជំនាញបច្ចេកទេសឱ្យកាន់តែទូលំទូលាយ (ទី២) ត្រូវស្គាល់ខ្លួនឯង ចេះគ្រប់គ្រងខ្លួនឯង គ្រប់គ្រងពេលវេលា រៀបចំពេលវេលាឱ្យមានប្រយោជន៍ ត្រូវកំណត់ឱ្យច្បាស់ពីជំនាញ និងការងារដែលខ្លួនចង់ធ្វើនាពេលអនាគត និង (ទី៣) មានមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ ចាប់យកជំនាញឯកទេសឱ្យច្បាស់លាស់ និងមានបំណិនសតវត្សទី២១។

សាជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី គាំទ្រជាខ្លាំងដល់គំនិតផ្តួចផ្តើមរបស់សភាពាណិជ្ជកម្មអន្តរជាតិក្នុងការបន្តបេសកកម្មរៀបចំកម្មវិធី «ពិព័រណ៍ណែនាំអំពីការងារ – Career Guidance Fair » និងសូមលើកទឹកចិត្តឱ្យបន្តសហការជាមួយដៃគូខិតខំបំពេញបេសកកម្មរបស់ខ្លួន ដើម្បីបង្កើតជាសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់យុវជនកម្ពុជាក្នុងការទទួលបានឱកាសការងារធ្វើកាន់តែខ្ពស់ និងជំនាញខ្ពស់ ឆ្លើយតបទៅនឹងចក្ខុវិស័យរាជរដ្ឋាភិបាល គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី