ភ្នំពេញ៖ឯកឧត្ដមសុខ ពេញវុធ សមាជិក គណៈអចិន្ត្រៃយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានី ភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញថ្មី ជំនួសឯកឧត្ដម នួន ផារ័ត្ន ដែលទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំគណបក្ស ឱ្យទៅទទួលតួនាទី ជាប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី១៥ធ្នូឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ជ្រួន ថេរ៉ាវ៉ាត សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្រុមការងារយុវជនគណបក្ស ជាកម្លាំងស្នូលមិនអាចខ្វះបាន ដែលទាមទារឲ្យយុវជនរបស់យើងពង្រឹងខ្លួនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស ដើម្បីជាកម្លាំងបន្តវេនដ៏រឹងមាំរបស់គណបក្ស។
សម្រាប់ថ្ងៃនេះ ឯកឧត្ដម សុខ ពេញវុធ សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញថ្មី ដើម្បីបន្តនូវនិរន្តរភាពនៃការងារ ដឹកនាំអង្គការចាត់តាំងយុវជនគណបក្សថ្នាក់រាជធានី បន្ទាប់ពី ប្រធានក្រុមការងារយុវជនគណបក្សរាជធានីចាស់ គឺឯកឧត្ដមនួន ផារ័ត្ន ទទួលបានការផ្តល់សេចក្តីទុកចិត្តពីសំណាក់ថ្នាក់ ដឹកនាំគណបក្ស ឱ្យទទួលតួនាទី ជាប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កន្លងទៅនេះ។
ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនាឱកាសនោ៖ ក៏បានធ្វើការផ្តាំផ្ញើឯកឧត្ដម សុខ ពេញវុធ ដែលបានតែងតាំងថ្មីនេះ ត្រូវបន្តរក្សាសន្តិភាពឲ្យបានគង់វង់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យរីកចម្រើនបន្ថែមទៀត។ គោរពស្រលាញ់ប្រជាពលរដ្ឋ សាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ បន្តពិនិត្យតាមដាននិងប្រឆាំងរាល់ការឃោសនាអគតិពីក្រុមជ្រុលនិយម ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងទប់ស្កាត់ដាច់ខាតចំពោះចលនាបដិវត្តពណ៌។ យកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រឹកយុវជនបក្ស ដូចពាក្យស្លោកថា ពង្រីកដល់ណា ពង្រឹងដល់នោះ។
ឯកឧត្ដម បណ្ឌិត ជ្រួន ថេរ៉ាវ៉ាត បានមានប្រសាសន៍លើកឡើងថា៖ រាជធានីភ្នំពេញ មានយុវជនគណបក្សដ៏រឹងមាំ ដោយបង្កើតបានក្រុមការងារយុវជនគណបក្សថ្នាក់ រាជធានី ខណ្ឌទាំង១៤ សង្កាត់ ទាំង១០៥ រហូតដល់ចំនួន ៣១,៥៦៧រូប ដែលក្រុមការងារយុវជនគណបក្សទាំងនេះត្រូវបានបែងចែក តួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីឲ្យបក្សមានភាពរឹងមាំ។ បើអង្គការចាត់តាំងដ៏រឹងមាំ នោះគណបក្សប្រជាជនកម្ពុជាក៏រឺងមាំដែរ។ ២៦ឆ្នាំនេះ យើងបានបណ្តុះបណ្តាលយុវជនជាច្រើន ដោយសារកម្ពុជាមានសន្តិភាពពេញលេញ។ គុណភាពយុវជនបក្សជាគុណសម្បត្តិ ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះ។
ឯកឧត្ដមបណ្ឌិត ជ្រួន ថេរ៉ាវ៉ាត បានបន្តទៀតថា៖ អំពើល្អរបស់មន្ត្រីបក្សនិងការអនុវត្តនៅអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” បានធ្វើអោយគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក។
ឯកឧត្ដម សុខ ពេញវុធ ដែលទើបតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញថ្មីក្នុងឱកាសនោះដែរ ក៏បានធ្វើការប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ប្តេជ្ញាពង្រឹងនិងពង្រឹកយុវជនបក្សឲ្យបានជាប្រចាំ ពង្រឹងនិងពង្រីកភាពជាដៃគូជាមួយអង្គការ យុវជនក្រៅប្រព័ន្ធនិងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍន៍យុវជនឲ្យកាន់តែប្រសើរឡើង៕រក្សាសិទ្ធដោយ៖សុទ្ធលី













