Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដែលមាន…!  ក្រុមប្រឹក្សាស្រុកកូនមុំបោះសន្ទូចរំលងភ្នំ សំណូមពរត្រង់ទៅ នាយករដ្ឋមន្ត្រី សុំរក្សាទុក លោក សេក ហៃ អភិបាលស្រុកកូនមុំបានបន្តតួនាទីការងាររហូតចប់អាណត្តិទី២

ក្រុមមន្ត្រីរាជការស៊ីវិល ក៏ដូចជាមហាជន សាធារណជនមួយចំនួន ដែលបានយល់ដឹងអំពីច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានសើចហួសចិត្តឡើងចុកពោះ និងស្ទើររឹងថ្គាមទៅហើយ ចំពោះឥរិយាបថរបស់ចៅហ្វាយស្រុកកូនមុំនៃខេត្តរតនគិរី លោក សេក ហៃ ចង់បន្តតំណែង, រីឯប្រធានក្រុមប្រឹក្សាស្រុកកូនមុំ លោក អ៊ីវ ម៉េងហ៊ាង ជាអ្នកចេញមុខធ្វើលិខិតស្នើសុំ , ប៉ុន្តែការស្នើសុំនេះ មិនមានលក្ខណៈជានីតិវិធីរបៀបរបបការងារតាមឋានានុក្រមត្រឹមត្រូវនោះទេ បែរជាបោះសន្ទូចរំលងភ្នំ គឺធ្វើលិខិតស្នើសុំឆ្ពោះត្រង់ធ្លូទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែម្ដង។

ស្ដីពី លោក សេក ហៃ គឺជាអភិបាលស្រុកកូនមុំនៃខេត្តរតនគិរី ចាប់តាំងពីឆ្នាំ២០១៨ មកម៉្លេះ សព្វថ្ងៃនេះកំពុងស្ថិតក្នុងមុខតំណែងចាំផ្ទះ ជាអភិបាលស្រុកកូនមុំផុតអាណត្តិ ហើយកំពុងត្រូវបាន ក្រសួងមហាផ្ទៃ ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ធ្វើការផ្លាស់ប្ដូរតួនាទីមុខតំណែង ឱ្យទៅបម្រើការនៅសាលាខេត្តរតនគិរីវិញ, ចំណែក លោក អ៊ីវ ម៉េងហ៊ាង សព្វថ្ងៃមានតួនាទីជាប្រធានក្រុមប្រឹក្សាស្រុកកូនមុំ នៃខេត្តរតនគិរី។ បើតាមប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តរតនគិរី បានទម្លាយឱ្យដឹងថា លោក សេក ហៃ អភិបាលស្រុកកូនមុំ នឹងត្រូវក្រសួងមហាផ្ទៃ ផ្លាស់ប្ដូរមុខតំណែងឱ្យ ទៅកាន់ការងារនៅរដ្ឋបាលខេត្តរតនគិរីវិញចាប់ៗនេះ, បើតាមប្រភពថា មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងចុះមកធ្វើការប្រកាសជាផ្លូវការ អំពី ការផ្ទេរមុខតំណែង ឬការផ្លាស់ប្ដូរមុខតំណែងនេះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះហើយ។

គេមិនដឹងថា លោក សេក ហៃ និងលោក អ៊ីវ ម៉េងហ៊ាង ពួកគាត់ទាំងពីរ គប់គិតគ្នាយ៉ាងម៉េច…? ហើយយល់បែបបទការងាររដ្ឋបាលយ៉ាងម៉េចនោះទេ…? ទើបបានជា ស្ងាត់ៗស្រាប់តែលេចចេញ លោក អ៊ីវ ម៉េងហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកូនមុំ សរសេរលិខិត គោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងកម្មវត្ថុមានខ្លឹមសារថា សំណើសំណូមពរបន្តមុខតំណែង លោក សេក ហៃ អភិបាលស្រុកកូនមុំ ខេត្តរតនគិរី រហូតចប់អាណត្តិទី២ នៃការគ្រប់គ្រងរដ្ឋបាលស្រុកកូនមុំ, (នេះបើយោងលិខិតលេខ ១២៩/០២៤ ល.ស.ណ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយ លោក អ៊ីវ ម៉េងហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកូនមុំ, ហើយបោះត្រារដ្ឋបាល ចូលខុទ្ទកាល័យ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤)។ 

ការសរសេរលិខិតជាសំណូមពររបស់ លោក អ៊ីវ ម៉េងហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកូនមុំ ដើម្បីរក្សាទុក លោក សេក ហៃ ឱ្យនៅធ្វើជាអភិបាលស្រុកកូនមុំរហូតដល់ចប់អាណត្តិទី២ នេះ ដោយឆ្ពោះត្រង់ទៅកាន់នាយករដ្ឋមន្ត្រីបែបនេះ គេហៅថា បោះសន្ទូចរំលងភ្នំ ឬបើនិយាយភាសាផ្លូវច្បាប់ គេហៅថា បទរំលោភអំណាច, ព្រោះបើពិនិត្យមើលលិខិតសំណូមពររបស់លោក ដ្បិតអីឃើញថា លោកបានប្រជុំក្រុមប្រឹក្សាស្រុកកូនមុំរបស់លោក ប៉ុន្តែមិនមានការប្រជុំពិភាក្សាជាមួយគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តនោះទេ, ហើយរឹតតែខុសនីតិវិធីច្បាប់ថែមទៀតនោះ គឺរំលងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលច្បាប់តម្រូវឱ្យ ឬអនុញ្ញាតឱ្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់សំណើទៅនាយករដ្ឋមន្ត្រីជាកំហិត។

បើតាមមាត្រាទី១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលធ្វើវិសោធនកម្មរួចហើយនៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន (ដែលកាលនោះសម្ដេចជានាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ និងត្រូវបានប្រកាសឱ្យប្រើជាផ្លូវការដោយព្រះរាជក្រមនោះ មានខ្លឹមសារ គ្រាន់តែបញ្ជាក់ ឬអនុញ្ញាតឱ្យមានការបង្កើនចំនួនគណៈអភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប៉ុណ្ណោះ មិនមានចំណុចណាអនុញ្ញាតឱ្យក្រុមប្រឹក្សា សំណូមពរខុសនីតិវិធីច្បាប់ ដោយឆ្ពោះត្រង់ទៅសម្ដេចនាយករដ្ឋមន្ត្រី ហើយបែរជារំលងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះឡើយ។ ទាញយកភាពម៉ឺងម៉ាត់ត្រឡប់មកវិញ គឺមាត្រាទី១៤០ថ្មីនេះ បញ្ជាក់ថា ចំនួនជាក់ស្ដែងសម្រាប់ គណ:អភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យ (នាយករដ្ឋមន្ត្រី) តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធនឹងករណីនេះ CEN បានព្យាយាមទាក់ទងទៅលោក អ៊ីវ ម៉េងហ៊ាង ក្រុមប្រឹក្សាស្រុកកូនមុំ ដើម្បីជម្រាបសួរលោក សូមឱ្យជួយពន្យល់ថា តើមានហេតុផលអ្វីដែលនាំឱ្យលោកសរសេរលិខិតសំណូមពររក្សាតួនាទីមុខតំណែងអភិបាលស្រុកកូនមុំ ឆ្ពោះត្រង់ ទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បែបនេះ?! គឺខលទូរស័ព្ទតាមរយៈលេខ 088 9378 658 ដែលគេដឹងច្បាស់ថា ជាលេខទូរស័ព្ទរបស់ លោក អ៊ីវ ម៉េងហ៊ាង ប៉ុន្តែត្រូវបានលោកបដិសេធ ច្រានចោលថា ច្រឡំលេខហើយ ! , ជាបន្ត CEN ក៏បានទាក់ទងសុំការបំភ្លឺពី លោក សេក ហៃ អភិបាលស្រុកកូនមុំជុំវិញរឿងនេះ  ប៉ុន្តែត្រូវបាន លោក សេក ហៃ បញ្ជាក់ថា លោកអត់មានសិទ្ធិបំភ្លឺបកស្រាយ ឬនិយាយរឿងនេះទេ, ម្យ៉ាងលោកថា រូបលោកក៏អត់បានដឹងរឿងនេះដែរ បើទោះបីរូបលោកជាសមីសាច់រឿងនេះក៏ដោយ, ហើយលោកបានបង្វែរឱ្យ CEN ទៅសាកសួរអ្នកនាំពាក្យរដ្ឋបាលខេត្តរតនគិរីវិញ, CEN ក៏បានព្យាយាមទាក់ទងទៅកាន់អ្នកនាំពាក្យរដ្ឋបាលខេត្តរតនគិរី ប៉ុន្តែមិនអាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះបានទេ។

បានជាក្រុមមន្ត្រីរាជការស៊ីវិល ក៏ដូចជាមហាជន សាធារណជន យល់ថា ជាការបោះសន្ទូចរំលងភ្នំ ឬខុសនីតិវិធីច្បាប់ ឬក៏រំលោភអំណាចនោះ ដោយហេតុថា មាត្រា ១៤១ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់កថាខណ្ឌទី២ ចែងថា អភិបាលរងរាជធានី អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ ត្រូវតែងតាំងដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ករណី លោក អ៊ីវ ម៉េងហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកូនមុំ និង លោក សេក ហៃ អភិបាលស្រុកកូនមុំ តាមប្រភពថា ក្រសួងមហាផ្ទៃ បានដឹងឮរឿងនេះអស់ហើយ និងកំពុងចាត់នីតិវិធីរដ្ឋបាល គឺកោះអញ្ជើញលោកអភិបាលស្រុកកូនមុំរូបនេះ ចូលរួមប្រជុំសិក្សាស្រាវជ្រាវ និងវាយតម្លៃអំពីរបៀបរបបបំពេញការងារ និងការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលស្រុកកូនមុំនៃខេត្តរតនគិរី, (នេះបើយោងលិខិត លេខ ៤៤៧ សជណ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ។ ក្រុមមន្ត្រីរាជការស៊ីវិល ក៏ដូចជាមហាជន សាធារណជន កំពុងកើតការងារឆ្ងល់ថា មានឋានៈតួនាទីធ្វើដល់ទៅក្រុមប្រឹក្សាស្រុក និងអភិបាលស្រុក ហេតុអ្វីមិនស្វែងយល់អំពីនីតិវិធី ការងាររដ្ឋបាល ជាពិសេសច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងដូច្នោះអញ្ចឹង ?! គេរង់ចាំមើលថា តើ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី មានវិធានការបែបណាចំពោះនីតិបុគ្គលពីរូបនេះ?!៕ ពិសិដ្ឋ CEN

×