Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្ហោះផ្សាយថាមានអគារ៧ ជាន់ បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប គឺជាព័ត៌មានចាស់កាលពី៤ឆ្នាំមុន!

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថាសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខអ្នកបំភ្លៃព័ត៌មានដើម្បីបំពុលសង្គម ដែលបានបង្ហោះផ្សាយថា មានអគារ៧ ជាន់បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប។ ព័ត៌មាននេះ ជាព័ត៌មានចាស់កាលពី៤ឆ្នាំមុន!។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ កុំយល់ច្រឡំនិងសូមឈប់បន្តផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានចាស់ នេះទៀត។

នៅថ្ងៃទី១៥ខែធ្នូ រដ្ឋបាលខេត្តកែបចេញសេចក្តីបំភ្លឺ និងបដិសេធ ពីការបង្ហោះផ្សាយថា មានអគារ៧ ជាន់បាក់សង្កត់មនុស្សជាច្រើននៅខេត្តកែប។ ព័ត៌មាននេះ ជាព័ត៌មានចាស់កាលពី៤ឆ្នាំមុន!។

បើតាមរដ្ឋបាលខេត្តកែប៖ ថ្មីៗនេះរដ្ឋបាលខេត្តកែប បានពិនិត្យឃើញថា នៅតាម បណ្តាញសង្គម មានជនខិលខូចមួយចំនួនបានធ្វើការផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញនូវព័ត៌មាន ចាស់នៃព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តកែប(ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០) ក្នុងចេតនាទុច្ចរិត បំពុលសង្គម បង្កការភ័ន្តច្រឡំដល់សាធារណជន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។

រដ្ឋបាលខេត្តកែប សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន និងការប្រឌិត ព័ត៌មានដោយយកវីដេអូចាស់ មកផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញ ដូច្នេះសូមម្ចាស់គណនី និងផេក ហ្វេសប៊ុកដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ លុបចេញវិញជាបន្ទាន់ និង សូមស្នើដល់អង្គភាពមានសមត្ថកិច្ចបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខជនដែលបានបង្ហោះព័ត៌មាន ក្លែងក្លាយនេះយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ។

អាស្រ័យហេតុនេះ សូមសាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមកុំ មានការយល់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមផ្សព្វផ្សាយ និងចែករំលែកបន្តព័ត៌មានក្លែងក្លាយទាំងនេះ ចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់ជំនាញ និងអាចប្រឈមមុខចំពោះផ្លូវច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×