នេះជារឿងថ្មីក្តៅទៀតហើយ ខណៈដែលស្រ្តីម្នាក់បានបង្ហាញការឈឺចាប់ខ្លាំងបំផុត ឈានដល់ហៅប៉ូលិសថាជាចោរស្របច្បាប់ ដោយបានអះអាងថា ហូបស្រាអស់តែ២កំប៉ុងសោះ ពិនិត្យជាតិអាល់កុល ផាកពិន័យរហូត២លានរៀល? និងឈានដល់ប៉ូលិសប្រើពាក្យសម្តីជេប្រមាថទៅវិញ សុទ្ធតែ «មីឆ្កែ» ដ៏គួរឲ្យអសិលធម៌បំផុត។
ជាក់ស្តែង តាមរយៈវីដេអូកំពុងផ្ទុះការចែករំលែកនៅលើបណ្តាញសង្គម ស្រ្តីអ្នកដំណើររូបនោះដែលមានគណនីឈ្មោះ Bong Pich kh បានឡាយវីដេអូ ថតសំដៅទៅកាន់កន្លែងមន្រ្តីប៉ូលិសជាមេម្នាក់ នៅកន្លែងតុបង់លុយផាកពិន័យ ដោយបានប្រាប់ទាំងកំហឹងបែបនេះថា មន្រ្តីរូបនោះបានទទួលយកលុយពីគាត់ចំនួន ២ លាន ដែលជាចំនួនលុយច្រើនណាស់ សម្រាប់បន្ទុកដ៏ធំដែលគាត់ចិញ្ចឹមកូន៧, ៨ នាក់។
ប៉ុន្តែ អ្វីដែលធ្វើឲ្យគាត់ឈឺចាប់ខ្លាំងបំផុតទៀតនោះ គឺត្រង់ថា ប៉ូលីសជាមេរូបនោះ ដែលបានយកលុយពីគាត់ហើយ តែបែរជាថែមទាំងប្រើពាក្យសម្តី ជេរប្រមាថមកលើរូបគាត់ជាមនុស្សស្រី សុទ្ធតែ «មីឆ្កែ» ដែលធ្វើឲ្យគាត់មិនអាចទទួលយកបានឡើយ។ ស្រ្តីរូបនោះបន្តថា មិនត្រឹមតែប៉ុណ្ណឹងទេ បង់លុយឲ្យហើយ នៅចង់ដកហូតឡានគាត់ទៀត ឬក៏ចង់ឲ្យគាត់ថ្វាយបង្គំ ទើបដោះលែង?។
ទាក់ទងរឿងនេះផងដែរ ប៉ូលីសម្នាក់បានចោទថា ស្រ្តីរូបនោះជេរពួកខ្លួនថាជាចោរ ខណៈស្រ្តីនោះគាត់បានប្រាប់ថា គាត់អត់ស្រវឹងទេ ដោយគាត់បានហូបស្រាបៀរត្រឹមតែ២កំប៉ុងប៉ុណ្ណោះ ហេតុអ្វីពិនិត្យជាតិអាល់កុល ផាកពិន័យគាត់រហូតដល់ទៅ ២ លាន ដោយគ្មានការយោគយល់ ហើយបង្ខំគាត់ឲ្យរកលុយ២លានបង់ទាំងយប់?។
តែទោះជាបែបណា នេះជាទង្វើដ៏អសិលធម៌មួយ ដែលមិនគួរណាមន្រ្តីអនុវត្តច្បាប់ ប្រើពាក្យសម្តីជេរប្រមាថមើលងាយ ទៅលើប្រជាពលរដ្ឋបែបនេះឡើយ ជាពិសេសទៅលើមនុស្សស្រី ដែលខ្លួនក៏មានម្តាយជាស្រី និងបងប្អូនសាច់ញាតិ ក៏ស្រីដែរ៕