Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ៖ ដ៏រាបណា គណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំរាជរដ្ឋាភិបាល ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់ ហើយគ្មានបំណងណាមួយ ដាក់ភាសាវៀតណាម ជាភាសាជាតិជាដាច់ខាត

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃមុនទៅស្រែកថា ក្រសួងអប់រំ ដាក់បញ្ចូលភាសាវៀតណាម ទៅក្នុងប្រព័ន្ធ គេថាជាភាសាជាតិ។ អត់មានទេ ខ្ញុំសូមបញ្ជាក់ថា ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល ក៏បង្ហាញមោទនភាព ដែលភាសាខ្មែរពីមុនមានតែតាមសិលាចារឹក សាស្ត្រាស្លឹករឹត តែឥលូវមាននៅលើក្តារចុច និងតាម Google ផងដែរ ដែលសម្តេចចាត់ទុកថា នេះហើយជាការរក្សាភាសាខ្មែរ និងលើកតម្លៃភាសាខ្មែរ។
នេះមិនមែនជាលើកទី១ នោះទេ ដែលសម្ដេចនាយករដ្ឋមន្ត្រី ប្រកាសពីមោទនភាព និងការលើកតម្លៃភាសាខ្មែរ។ សម្តេចមហាបវរធិបតី ថែមទាំងធ្លាប់ជំរុញឲ្យពង្រឹងការសិក្សាមុខវិជ្ជាភាសាខ្មែរ សម្រាប់សិស្សានុសិស្ស តាំងពីនៅថ្នាក់បឋមសិក្សា ដោយអាណត្តិដំបូងនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងជំរុញពង្រឹងបឋមសិក្សាឲ្យកាន់តែរឹងមាំ ដើម្បីឈានទៅកម្រិតផ្សេងទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ដ៏រាបណា គណបក្សប្រជាជនកម្ពុជានៅតែដឹកនាំរាជរដ្ឋាភិបាល ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់ ហើយគ្មានបំណងណាមួយដាក់ភាសាវៀតណាមជាភាសាជាតិជាដាច់ខាត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ថ្ងៃមុនមិននៅៗ ស្រែកថាក្រសួងអប់រំយុវជន និងកីឡា ដាក់បញ្ចូលភាសាវៀតណាមក្នុងប្រព័ន្ធជាភាសាជាតិ អត់មានទេ។ ខ្ញុំសូមបញ្ជាក់ដ៏រាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា គ្មានដាក់ភាសាបារាំង ឬភាសាអង់គ្លេស គឺគ្មានទេ»។ សម្តេចធិបតីបានបញ្ជាក់ថា កាលពីមុនសង្គ្រាមចង់ប្រឡងបាក់ឌុបទាល់តែយើងចេះទាំងភាសាខ្មែរ និងភាសាបារាំង តែឥឡូវនេះភាសាបរទេស(បារាំង អង់គ្លេស ជប៉ុន ចិន…) ជាភាសារៀនបន្ទាប់បន្សំ តែភាសាជាតិនៅក្នុងកម្មវិធីអប់រំរបស់ជាតិគឺភាសាខ្មែរតែមួយគត់ ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំយុវជន និងកីឡាបានដាក់ទិសដៅគឺធ្វើយ៉ាងណាពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់លើ។ សម្តេចធិបតីបានគូសបញ្ជាក់ថា៖ យើងគ្មានផែនការណាយកភាសាណាមកជំនួសភាសាខ្មែរនោះទេ ជនជាតិខ្មែរ ត្រូវរៀនភាសាខ្មែរ ហើយយើងមិនត្រឹមតែសរសេរ អាន នោះទេ ពេលនេះ Google ក៏មានជាភាសាខ្មែរដែរ។ កាលពីមុនភាសាមានតែ សរសេរលើ ស្លឹករឹត លើក្រដាសបោះពុម្ព តែឥឡូវបានក្លាយទៅជាភាសាឌីជីថលទៀត។ ការធ្វើបែបនេះដើម្បី ឱ្យកូនខ្មែរប្រើប្រាស់ភាសាខ្មែរកាន់តែច្រើន»។ សម្តេចធិបតីបានលើកឡើងថា សម័យមុនមានគេថាបើចង់ប្រើឌីជីថលទាល់តែរៀន ឬចេះភាសាអង់គ្លេសព្រោះគ្មាននៅលើកឃីបត ឥឡូវយើងមាន ហើយបើតាមសម្ដេចចាំ កាលពីមុនមានមួយចំនួន ប៉ុន្តែមិនទូលំទូលាយ ខណៈ នៅពេលនេះគ្រាន់តែអានជាសំឡេង ក៏អាចចេញជាអក្សរផងដែរ ដូច្នេះយើងគួរតែមានមោនភាព។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលតែងតែជំរុញឱ្យមានការអភិរក្សភាសាខ្មែរ និងធ្វើការលើកកម្ពស់ភាសាខ្មែរ ព្រមទាំងជំរុញឱ្យបង្កើតទៅជាឌីជីថលទាន់សម័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឱ្យដឹងថា សូមកុំឱ្យមានការភ័យព្រួយថារាជរដ្ឋាភិបាល នឹងលក់ភាសាខ្មែរ ហើយយកភាសាផ្សេងមកដាក់នោះគឺអត់ទេ វាជាព័ត៌មានប្រឌិត ក្លែងក្លាយដើម្បីឱ្យមានភាពវឹកវរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×