Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចុងខែមករា២០២៥ ខាងមុខ នឹងត្រូវដាក់ឱ្យដំណើរការផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៌កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅចុងខែមករា២០២៥ ខាងមុខ ត្រូវតែដាក់ឱ្យដំណើរការផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៌កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង។ សំខាន់គឺចេញដំណើរដសិន ហើយយ៉ាងយូរដាច់ខែមករាការងារផ្សេងៗទៀតចាំដោះស្រាយបន្ត។ ទី២ត្រូវបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីចេញដំណើរ។

រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើង(Walkstreet)តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៏កម្ពុជា រហូតដល់មុខព្រៈបរមរាជវាំង ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងប្រៃសណីយ៏, អគ្គិសនីកម្ពុជានារសៀលថ្ងៃទី២៥ធ្នូ២០២៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានថ្លែងថា៖ ផ្លូវថ្មើជើងនេះ យើងមានគម្រោងយូរមកហើយតែអាស្រ័យដោយស្ថានភាពជួបការលំបាកដូចជាជំងឺកូវិដ.១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។ តែទោះបីយ៉ាងណារាជរដ្ឋាភិបាលបានណែនាំឲ្យខិតខំអនុវត្តឲ្យសម្រេចបានគម្រោង ផ្លូវថ្មើរជើងនេះ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ សម្រួលការកកស្ទះចរាចរ ក៏ដូចលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។

ឯកឧត្តម ឃួង ស្រេងបានបញ្ជាក់ថា គម្រោងរៀបចំផ្លូវថ្មើរជើងសម្រាប់បម្រើដល់វិស័យទេសចរណ៍នេះ គឺរដ្ឋបាលរាជធានីភ្នំពេញ បានគិតគូជាយូរមកហើយតំាងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវិដ១៩ បានធ្វើឱ្យគម្រោងនេះ ផ្អាកដំណើរការមួយឡែកសិន ប៉ុន្តែមកដល់ពេលនេះបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាលពីការជំរុញទាក់ទាញភ្ញៀវទេសចរ នៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានី ភ្នំពេញបានគិតគូជំរុញ ការងារផ្លូវថ្មើរជើងនេះ ឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។

ឯកឧត្តមបានបញ្ជាក់ ដើម្បីឱ្យគម្រោងនេះ បានដំណើរការដោយរលូន ជាជំហានដំបូងគឺបើកផ្លូវថ្មើរជើងនេះ ចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ, ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរ នៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដែលធានាថា គម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលបានឲ្យដឹងថា៖ មានអង្គភាពពាក់ពន្ធ័មួយចំនួនលើការរៀបចំផ្លូវថ្មើរជើងនេះដូចជា ខាងប្រៃសណីយ៏, អគ្គិសនីកម្ពុជា, ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា៖ ក្រុមលេខាធិការដ្ឋានរបស់មន្ទីរ បានកំពុងដំណើរការពិភាក្សា ជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងលើ រួមទាំងការផ្សព្វផ្សាយ  ឲ្យបានជ្រួតជ្រាបដល់បងប្អូនប្រជាពលរដ្ឋ ពីអត្ថប្រយោជន៍នៃផ្លូវថ្មើរជើងនេះ ដែលចែកចេញជា៣តំបន់ ដោយសុំឲ្យប្រជាពលរដ្ឋចូលរួម។ ក្នុងនោះមន្ត្រីជំនាញរបស់មន្ទីរសាធារណៈការ បានសិក្សាលំអិតក្រោមការណែនាំពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ យើងបានគិតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ, តទឹក, ភ្លើង ពិសេសក៏មានរៀបចំជាស្តង់លក់ដូរបែបផ្សាររាត្រី, ការហាមមិនឲ្យរថយន្តចេញចូលចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ រួមទាំងការរៀបចំចំណតជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×