ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាលសួរសុខទុក្ខពីសំណាលជាមួយលោកជំ ទាវ ឡេ ធីធូហាំង អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី២៧ធ្នូ ២០២៤នេះនៅសាលារាជធានីភ្នំពេញ។
លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ជាក់ថា ៖ ក្នុងពេលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងដោយសាររាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាង គណៈប្រតិភូ ក៏បានចូលមកសួរសុខទុក្ខ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍនៃប្រទេសទាំងពីរជារួម និងរវាងទីក្រុងសម្ព័ន្ធមេត្រីភាពមានរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាងនិយាយដោយឡែក ។
លោកជំទាវបានសម្តែងនូវអំណអរគុណ ចំពោះឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ ចំពោះការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកជំទាវ។
ក្នុងជំនួនោះលោកជំទាវបានថ្លែងការកោតសរសើរពីការរីកចំរើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឲ្យរាជធានីភ្នំពេញមានអភិវឌ្ឍន៍ រីកចំរើនគួរឲ្យកត់សម្គាល់។
លោកជំទាវបាននាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់ និងអភិបាលក្រុងសម្ព័ន្ធភាពទាំង៣ជូនចំពោះឯកឧត្តមឃួង ស្រេង និងថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញ ពិសេសជូនពរក្នុងឱកាសថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២៥ខាងមុខនេះ។
ក្នុងនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងអំណគុណលោកជំទាវ និងគណៈប្រតិភូ បានអញ្ជើញមកសួរសុខទុក្ខឯកឧត្ដមហើយក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ទៅកាន់ថ្នាក់ដឹកនាំវៀតណាម និងអភិបាលក្រុងសម្ព័ន្ធមេត្រីភាព បណ្តាទីក្រុងទាំង៣ ជាមួយរាជធានីភ្នំពេញ តាមរយៈគណៈប្រតិភូវិញផងដែរ ។
ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរគ្នា ពីការអភិវឌ្ឍ នៃទីក្រុងនៃប្រទេសទាំងពីរផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី