ស្វាយរៀង៖ កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប បំបែកសំណុំរឿងករណីឃាតកម្ម ដោយបុរសម្នាក់យកដំបងវាយសម្លាប់ស្ត្រី ជាមនុស្សគរ នៅស្រុកស្វាយទាប។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទី ក្រោយពីបានទទួលព័ត៌មាន ពីអាជ្ញាធរភូមិថាមានករណីមនុស្សលង់ទឹកប្រឡាយស្លាប់ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងរួចមក កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុក សហការជាមួយកម្លាំងការិយាល័យជំនាញចំណុះស្នងការដ្ឋាននគរបាលខេត្ត ដឹកដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងក្រុមគ្រូពេទ្យ ធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ ឈ្មោះ ឡ.រ.ន ភេទស្រី អាយុ ២៨ឆ្នាំ ជាមនុស្សគរ នៅទីតាំងកើតហេតុ។ ក្រោយធ្វើកោសល្យវិច័យរួចមក ក្រុមការងារសន្និដ្ឋានថា ជាករណីឃាតកម្ម។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង០៨ ធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានទៅធ្វើការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ឈ្មោះ ប.ស.រ ភេទប្រុស អាយុ ២៥ឆ្នាំ នៅត្រង់ចំណុចភូមិអារ័ក្សស្វាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ព្រមទាំងដកហូត÷ ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង, ប្រាក់រៀល ៧,១០០,០០០រៀល និងដំបង ០២ដើម។
នៅចំពោះមុខកម្លាំងសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដំបងវាយលើជនរងគ្រោះ បណ្តាលអោយស្លាប់ និងទម្លាក់ចូលក្នុងទឹកប្រឡាយពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី