សៀមរាប ៖ សម្តេចកិត្តិសង្គហបណ្ដិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងអំពីដំណើរការ និងវឌ្ឍនភាពការសាងសង់សារមន្ទីរតេជោសន្តិភាព។ សារមន្ទីរមួយនេះ ត្រូវសាងសង់ឡើងនៅលើផ្ទៃដី១២ហិកតា ស្ថិតឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ហើយត្រូវបានសាងសង់ឡើង ក្រោមជំនួយឧបត្ថម្ភគាំទ្រពីប្រទេសជប៉ុន ដែលមានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅលើពិភពលោក។
ឯកឧត្តម បានបន្តទៀតថា រយៈពេលជាង៣២ឆ្នាំមកនេះ ប្រទេសជប៉ុន បានជួយដល់ស៊ីម៉ាក់ សម្រាប់វិស័យមីននៅកម្ពុជា ដែលជំនួយទាំងនោះមានជាសម្ភារមានជាថវិកា ក៏ដូចជាការផ្តល់ជំនួយប្រឹក្សាបច្ចេកទេសជាដើម។
មានចំណាប់អារម្មណ៍នៅក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ដិត ក៏បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាងសារមន្ទីរតេជោសន្តិភាពនេះឡើង។ មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានកសាងនូវស្នាដៃ រួមជាមួយសមិទ្ធិផលជាច្រើនដែលពាក់ព័ន្ធនឹងវិស័យមីននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការចូលរួមកែប្រែតំបន់សង្គ្រាមឲ្យទៅជាតំបន់អភិវឌ្ឍន៍ ស្របតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនឹងនោះផងដែរក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រី នៅក្នុងអណត្តិទី ៧ ក៏បានជម្រុញអនុវត្តការងារនេះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី ១ និងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»។ វត្តមានរបស់សារមន្ទីរ បានក្លាយទៅជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រសង្រ្គាម និងការដោះស្រាយវិបត្តិនៃសំណល់ជាតិផ្ទុះក្រោយសង្រ្គាម ហើយក៏ជាសក្ខីភាព និងបានរំលឹកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមដ៏រ៉ាំរ៉ៃ និងបង្ហាញពីវិនាសកម្មនៃសង្គ្រាមបាននាំមកនូវភាពឈឺចាប់ ការនិរាសព្រាត់ប្រាស់គ្រួសារ និងជនពិការ ហើយបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ផងដែរ ។
សម្តេចបានមានប្រសាសន៍បន្តទៀតថា ប្រទេសមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាល ភាពរបស់ប្រជាជន ។ ផ្ទុយទៅវិញ បើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាង «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល»៕រក្សាសិទ្ធដោយ៖សុទ្ធលី