Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមបងប្អូននារីៗប្រុងប្រយ័ត្ត! ករណីប្លន់មិនបានសម្រេច ក៏ប្រើល្បិចថាជាសង្សារគ្នា ទាំងដែលមិនដែលស្គាល់គ្នាសោះ

ថ្មីៗនេះ វីដេអូដ៏គួរឲ្យតក់ស្លុតមួយ បង្ហាញពីខណៈពេលបុរសមាឌធំម្នាក់ និងនារីម្នាក់ ប្រតាយប្រតប់គ្នានៅលើផ្លូវវាលស្ងាត់មួយកន្លែង បានធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ឈប់ជួយអន្តរាគមន៍ ខណៈដែលគ្រប់គ្នាគិតស្មានថា អ្នកទាំងពីរប្រហែលជាសង្សារនឹងគ្នា ឈ្លោះប្រកែកគ្នា មិនដឹងជាមានរឿងហេតុអ្វីនោះទេ។

ប៉ុន្តែ អ្វីដែលគួរឲ្យសង្ស័យនោះ គឺខណៈពេលនារីរងគ្រោះ ត្រូវបានដោះលែងពីបុរសនោះ នាងបានស្រែកថា វាជាចោរចង់ប្លន់ម៉ូតូរបស់នាង មិនមែនជាសង្សារ ហើយក៏មិនដែលស្គាល់គ្នាពីមុនមកដែរ។ តែទោះជាយ៉ាងណា អ្នកដំណើរក៏មិនទាន់ជឿថា នេះជាករណីប្លន់នោះទេ ព្រោះថាបុរសរូបនោះ បានបន្តព្យាយាមដើរចូលទៅរកនារីរងគ្រោះ ហើយនិយាយលួងលោមឲ្យនាងទៅផ្ទះជាមួយខ្លួនវិញ ដែលប្រៀបដូចជាសង្សារ ឬជាប្តីប្រពន្ធអ៊ីចឹង!។

ស្របពេលដ៏គួរឲ្យកក់ក្តៅនោះផងដែរ ក៏បានឃើញរថយន្តប៉ូលិស បានមកដល់ និងបានរេរាំងបុរសនោះដែលប្រជាពលរដ្ឋបានឃើញមានកាំបិតនៅជាប់នឹងខ្លួន មិនទាន់ឲ្យចាកចេញទៅណានោះទេ ដើម្បីសួរនាំពីមូលហេតុ ព្រោះនារីរងគ្រោះដែលមានការភិតភ័យខ្លាំង បានចោទប្រកាន់ថាជាចោរប្លន់ មិនមែនជាសង្សារស្អីនោះទេ។

តែក្រោយពេលសួរនាំ ទីបំផុត ទើបដឹងថា នេះករណីប្លន់ម៉ូតូតែមិនបានសម្រេច ព្រោះថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ជួយអន្តរាគមន៍បង្អាក់សកម្មភាព ជនល្មើសរូបនេះ ក៏ប្រើល្បិចថាជាសង្សារនារីរងគ្រោះ ទាំងដែលមិនដែលស្គាល់គ្នាសោះ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង ៥ និង ៣០ នាទី ល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំ ខណ្ឌ ពោធិ៍សែនជ័យ។ បច្ចុប្បន្ន ជនល្មើសត្រូវបានកម្លាំងនគបាលឃាត់ខ្លួន និងបញ្ជូនខ្លួនទៅអធិការខណ្ឌ ដើម្បីរង់ចាំដោះស្រាយបន្ត៕

×